ភ្នំពេញ៖ កម្មករនិយោជិត និងសហជីពនៅកម្ពុជា ប្រមាណជាង៣ពាន់អ្នកជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកនេះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលជាការបង្ហាញ ពីសុខដុមនីយកម្ម ក្នុងវិស័យការងារ។
លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជាបានឱ្យដឹងថា ការជួបជុំនេះបង្ហាញ ពីភាពរីកចម្រើនក្នុងវិស័យការងារ ឧស្សាហកម្មនៅកម្ពុជា កាន់តែមានភាពរីកចម្រើន ហើយបានផ្តល់ឱកាសដល់ឱ្យកម្មករ និយោជិតបានឈប់សម្រាក ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ ដើម្បីជួបជុំសម្តែងមតិបញ្ចេញ នូវទស្សនៈ និងកង្វល់នានាដើម្បីផ្សាភ្ជាប់និង ដំណោះស្រាយសម្រាប់ពួកគាត់។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ ការជួបជុំនេះសំខាន់សម្រាប់កម្មករនិយោជិត ក្នុងការរឹតចំណងមិត្តភាព រវាងសហជីពនិងកម្មករនិយោជិត ជាពិសេសបានបង្ហាញថា កម្មករនិយោជិតបានអនុវត្តសិទ្ធិ សេរីភាព យ៉ាងពេញលេញក្នុងប្រព័ន្ធការងារ ដែលជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
លោកថ្លែងថា៖«នេះសបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានចូលរួមអនុវត្តសិទ្ធិសេរីភាពរបស់កម្មករនិយោជិតនៅកន្លែងការងារ ការអនុវត្តតាមអនុលោមភាពនៃ អនុសញ្ញាអន្តរជាតិ ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព បានយ៉ាងល្អប្រសើរ»។
ទន្ទឹមនេះលោក ហង្ស រ៉ាវី ប្រធានសហភាព សហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា នេះជាឱកាសដែលកម្មករ និងសហជីព បង្ហាញការសាទរអំពីសុខដុមនីយកម្ម ក្នុងវិស័យការងារ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពធន់។

លោកថ្លែងថា៖«កម្មវិធី១ឧសភា ដែលប្រព្រឹត្តិឡើងនេះ ក្នុងនាមសហជីពយើងចង់បង្ហាញថា កម្មករនិយោជិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការសាទរជាខ្លាំងដោយសារតែ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត លោកតែងគិតគូរសុខទុក្ខកម្មករជានិច្ច ជាពិសេសដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗទៀត»។
ជាមួយគ្នានោះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជា ពន្លឺកម្មករ មើលឃើញថា ឱកាសខួបអនុស្សាវរីយ៍នេះ មិនអាចប្រព្រឹត្តិទៅ បានឡើយបើគ្មានសន្តិភាព។ ទន្ទឹមនេះការជួបជុំក៏បានបង្ហាញថា សិទ្ធិសេរីភាពកម្មករនិយោជិត នៅកម្ពុជាមានភាពល្អប្រសើរឡើង ក្នុងស្មារតីរួមគ្នាដើម្បីប្រទេសជាតិ រីកចម្រើនរុងរឿង ដោយមិនប្រកាន់និន្នាការនយោបាយ ឬពូជាសាសន៍។

លោកថ្លែងថា៖«ខ្ញុំមើលឃើញថា យើងអត់ប្រកាន់ និន្នាការនយោបាយ ឬក៏ប្រកាន់ពូជាសាសន៍ទេ ដោយកម្ពុជារក្សាបាន នូវសិទ្ធិមួយគឺរួមគ្នាធ្វើម៉េច ដើម្បីឱ្យប្រទេសរីកចម្រើន»។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ថ្លែងថា ការជួបជុំ របស់កម្មករនិយោជិត និងសហជីព ក្នុងឱកាសនេះជាការអរគុណ ដល់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្វល់ខ្វាយលើសុខទុក្ខកម្មករ ធ្វើឱ្យលក្ខខណ្ឌការងារកាន់តែល្អប្រសើរ សេវាសាធារណៈល្អ និងការដំឡើងប្រាក់ឈ្នួលរាល់ឆ្នាំ។

លោកបានអំពាវនាវដល់កម្មករនិយោជិត និងសហជីពទាំងអស់ ទោះក្នុងនិន្នាការណាក៏ដោយ ត្រូវធ្វើយ៉ាងណាចូលរួមរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងថ្លែងអ្វីជាវិជ្ជមាន ហើយអ្វីដែលនៅសេសសល់ គួរតែដាក់ស្នើទៅក្រសួងជំនាញ ដើម្បីរកដំណោះស្រាយ។
លោកថ្លែងថា៖«សំណូមពរទៅដល់សហព័ន្ធសហជីព សភាសហជីព ក៏ដូចជាសហជីពមូលដ្ឋាននានា មេត្តាធ្វើយ៉ាងណារក្សាឱ្យបាននូវសណ្តាប់ធ្នាប់ ហើយកុំជឿតាមការញុះញង់ ដែលបង្កពីអមិត្តមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ ក៏ដូចជាប៉ះពាល់ដល់បរិយាកាសវិនិយោគផ្សេងៗ»។
គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីអង្គការវិជ្ជាជីវៈ ចំនួន៦,៦០០ ក្នុងនោះសហជីពមាន ចំនួន៤២, សហព័ន្ធសហជីព ចំនួន២៨១, សហជីពមូលដ្ឋាន ចំនួន៦,២៦៥ និងសមាគមនិយោគជកចំនួន១២៕
