អត្ថបទ

ក្រុមហ៊ុនជីបម៉ុងឧបត្ថម្ភថវិកាចំនួន១.០០០.០០០ដុល្លារជូនកាកបាទក្រហមកម្ពុជាដើម្បីអបអរទិវា៨ឧសភា២០២៥និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការជាមួយគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំយកថវិកាចំនួន ១.០០០.០០០ ដុល្លារ (មួយលានដុល្លារអាមេរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៥ និងខួបលើកទី ៧០ ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

គិតចាប់ពីឆ្នាំ ២០០១ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជាចំនួន ៤៤ លើក សរុបជាថវិកាចំនួន ៧.៨២៥.៣៥០ ដុល្លារ រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ 

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានចូលរួមបរិច្ចាកទាំងថវិកា និង សម្ភារៈ ជូនកាកបាទក្រហមកម្ពុជាដោយសន្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១ លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម។ល។ ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល  និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានធ្វើប្រតិបត្តិការដោយមានអ្នកទទួលផលដោយផ្ទាល់និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន ១. ការគ្រប់គ្រងគ្រោះមហន្តរាយវិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤. ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជន ព្រមទាំងគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់។

ជាកិច្ចឆ្លើយតប លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញាតឱ្យក្រុមហ៊ុន និងសប្បុរសជនក្នុងវិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ា ក៏បានគូសបញ្ជាក់ផងដែរថា ដោយសារកត្តាសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានការរីកចម្រើន ហើយយើងគ្រប់គ្នាមានឱកាសក្នុងការចូលរួមនៅក្នុងសង្គមជាតិ ចូលរួមកាត់បន្ថយភាពក្រីក្រ ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសគឺដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ៕

To Top