នយោបាយ

លោកឧកញ៉ា​ ទ្រី​ ភាព​ ផ្សព្វផ្សាយ​សភាពការណ៍ថ្មីៗ​ ជូនសមាជិកបក្សប្រជាជន​ ស្រុកកណ្តាលស្ទឹង

ភ្នំពេញ៖​ ពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាមួយសមាជិកគណបក្សប្រជាជកម្ពុជា ថ្នាក់ស្រុក ឃុំ ភូមិ ចំនួន ៥៩៩នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោមអធិបតីភាព លោកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនេះ លោកឧកញ៉ា បានជម្រាបជូនដល់សមាជិកបក្ស ត្រូវផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យចូលរួមជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ណាមួយដែលប្រើប្រាស់ឧបាយកលគ្រប់រូបភាព ក្នុងបំណងវិលត្រឡប់ចូលស្រុក ដើម្បីធ្វើចលនាបដិវត្តន៍ពណ៌ និងធ្វើរដ្ឋប្រហារផ្តួល រំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរំខានដល់ភាពសុខសាន្តរបស់ប្រជាជនយើង ។ កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ច និងបទបញ្ជារបស់រាជរដ្ឋាភិបាលដោយស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនត្រូវឲ្យឧក្រិដ្ឋជនក្រៅច្បាប់ណាម្នាក់ មកបំផ្លាញសុខសន្តិភាព របស់ប្រទេសបានឡើយ។

លោកឧកញ៉ា បណ្ឌិត ក៏បានបន្ថែមទៀតថា នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមពិធី”ហូបអំបុក កាពារ ជាតិ សាសនា ព្រះមហាក្សត្រ” និងដើម្បីអបអរខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ដើម្បីជាការវាយបកទៅនឹងអតីតមេបក្សប្រឆាំង ដែលបានប្រកាសថា នឹងវិលចូលស្រុកនៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

លោកឧកញ៉ាបានបញ្ជាក់ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសង្គម គឺបានបង្ហាញពីស្មារតី ស្នេហាជាតិយ៉ាងពិតប្រាកដ ដែលមិនអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែសម្បូរសប្បាយជាបន្តទៀត។

ជាមួយគ្នានោះដែរ លោកឧកញ៉ា បណ្ឌិត បានពាំនាំនូវថវិកាមួយចំនួនរបស់ សម្តេចតេជោ ចែកជូនដល់បងប្អូនសមាជិកសមាជិការបក្ស និងអង្គភាពចំណុះឲ្យស្រុកកណ្តាលស្ទឹង និងឧបត្ថម្ភសម្ភារៈ ថវិកាដល់ក្រុមគ្រួសារដែល ទទួលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ ដែលសរុប ចំណាយអស់ថវិកាប្រមាណ ៦៥.០០០.០០០រៀល៕

To Top