នយោបាយ

ក្រសួង សុខាភិបាល ទទួលសម្ភារ ពេទ្យ ទប់ស្កាត់កូវីដ១៩ ពីក្រុមហ៊ុន Pernod Ricard Cambodge

ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់កូវីដ១៩ ពីក្រុមហ៊ុនPernod Ricard Cambodge ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

សម្ភារដែលក្រុមហ៊ុនផ្តល់ជូន ក្រសួងសុខភិបាល រួមមាន៖ ខ្សែវីដេអូអប់រំជំងឺកូវីដ១៩ចំនួន ពីរទាក់ទងនឹងរបៀបលាងដៃជាមួយទឹកអាល់កុល និងការបង្ការកូវីដ១៩ពេល ធ្វើដំណើរតាមមធ្យោបាយសាធារណៈ ម៉ាស់ចំនួន៥០០០ អាល់កុលលាងដៃ៥០០០ដប ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី  បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះ ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ក្រុមហ៊ុន Pernod Ricard Cambodge ដែលសបញ្ជាក់នូវវប្បធម៌ នៃការចែករំលែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការ ការពារទប់ស្កាត់និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ឱ្យបានកាន់តែឆាប់រហ័ស។

ជាមួយគ្នានោះក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ) ដែលជាសមាជិកនៃ Pernod Ricard Group បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កើនការយល់ដឹងជាសាធារណៈ ទាក់ទងនឹងការការពារពីការចម្លងនៃមេរោគកូវីដ១៩។ 

ដោយសហការជាដៃគូជាមួយក្រសួងសុខាភិបាល យុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈចំនួនពីរត្រូវបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស តាមរយ:គេហដ្ឋទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ប៉ុស្តិ៍ទូរទស្សន៍ជាតិមួយចំនួន និងតាមបណ្តា-ខេត្តក្រុង នៅលើស្រ្គីន LCD និងLED នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព។

យុទ្ធនាការទី១ មានគោលបំណងអប់រំសាធារណជនអំពីអនាម័យដៃឱ្យបានត្រឹមត្រូវ ដោយការប្រើប្រាស់អាល់កុល ដែលមានសុវត្ថិភាពនិងមិនប៉ះប៉ាល់ដល់សុខភាព លាងសំអាតដៃ ដើម្បីកំចាត់មេរោគនិងបង្ការការចម្លង។  យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ទឹកអាល់កុលឬអាល់កុលជែលត្រូវមានកំរិតជាតិអាល់កុលពី៧០ ទៅ ៨០% និងទទួលស្គាល់ដោយក្រសួង។

យុទ្ធនាការទី២ ផ្តល់ការណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩នៅតាមទីសាធារណៈ និងក្នុងពេលប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈឬមធ្យោបាយដឹកជញ្ជូនរួមគ្នា។ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋប្រតិបត្តិនូវការអនុវត្តមួយចំនួន  រួមមាន គម្លាតសង្គម ការអនុវត្តអនាម័យដៃឱ្យបានត្រឹមត្រូវដោយការលាងសំអាតជាមួយទឹកអាល់កុលឬអាល់កុលជែលដែលមានសុវត្ថិភាព ការពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ និងអំពីសារៈសំខាន់នៃការខ្ទប់ច្រមុះនិងមាត់នៅពេលក្អក និងចុងក្រោយការបើកបង្អួចយានយន្តឱ្យមានខ្យល់ចេញចូលល្អ  និងជៀសវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់។

តាមរយ:ក្រសួងសុខាភិបាល ក្រុមហ៊ុន ភើណូដ រីខាដ (ខេមបូដ)  ក៏បានឧបត្ថម្ភជាសម្ភារៈសុវត្ថិភាពចាំបាច់មួយចំនួន ដល់បុគ្គលិកពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកនៅតាមខេត្ត ទូទាំងប្រទេសកម្ពុជា។ អំណោយជាម៉ាសសំរាប់ពាក់ការពារសរុបចំនួន៥ម៉ឺនសន្លឹក និងអាល់កុលលាងដៃ សរុបចំនួន ៥ពាន់ដប ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល  នឹងប្រគល់ជូនក្រសួងនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២០ ។

លោក  ម៉ាក រ៉ូសាឡេស    អគ្គនាយកក្រុមហ៊ុនភើណូដ រីខាដ (ខេមបូដ) មានប្រសាសន៍ថា៖ ’ក្នុងនាមជាធុរ:កិច្ចដែលផ្តោតចំបងលើនិរន្តរភាព និងទំនួលខុសត្រូវ  ភើណូដ រីខាដ ហ្រ្គុប (Pernod Ricard Group) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅជុំវិញពិភពលោក បានចាប់ផ្តើមនូវគំនិតផ្តួចផ្តើមដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងស្រុក ក្នុងគ្រាលំបាកនេះ។  

លោកបន្តថា “យើងសង្ឃឹមថាការចូលរួមចំណែករបស់យើងនៅថ្ងៃនេះអាចជួយដល់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលក្នុងការងារដ៏សំខាន់របស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមនៃជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយគំនិតផ្តួចផ្តើមទាំងនេះពិតជាឆ្លុះបញ្ចាំងឱ្យឃើញអំពីស្មារតីរួសរាយរាក់ទាក់ (the convivialité) ដែលស្ថិតនៅចំចំណុចកណ្តាលនៃបេះដូងរបស់ ភើណូដ រីខាដ ហ្រ្គុប គឺវប្បធម៌នៃការថែរក្សាគ្នាទៅវិញទៅមក”៕ដោយ៖ធី លីថូ

To Top