កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី កំពុងរៀបចំជម្លៀស ពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ីរ៉ង់ ដោយសារការព្រួយបារម្ភ ពីការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាល ទៅលើប្រទេសនេះ ក្រោយពីប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារតាមផ្លូវអាកាសទៅវិញទៅមក ក្នុងពេលប៉ុន្មានថ្ងៃនេះ ។
លោក Pat Conroy រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មការពារជាតិ បានប្រាប់វិទ្យុ Australian Broadcasting Corporation (ABC) នៅថ្ងៃអង្គារថា រដ្ឋាភិបាលកំពុងរៀបចំផែនការ សម្រាប់ប្រតិបត្តិការជម្លៀសពលរដ្ឋនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានបំណងចាកចេញចំពេលមានជម្លោះនៅមជ្ឈិមបូព៌ា។
លោកបានលើកឡើងថា “តំបន់អាកាស ត្រូវបានបិទនៅពេលនេះ ដូច្នេះយន្តហោះមិនអាចចូល និងចេញបាន ប៉ុន្តែយើងកំពុងរៀបចំផែនការ ដើម្បីជម្លៀសប្រជាជនអូស្ត្រាលី ឬជួយពួកគេឱ្យឡើងជើងហោះហើរ ពាណិជ្ជកម្ម នៅពេលដែលតំបន់ទាំងនោះបើកម្តងទៀត” ។ ប្រជាជនអូស្ត្រាលីទាំងអស់ ដែលបច្ចុប្បន្ននៅក្នុងតំបន់ ត្រូវបានណែនាំឱ្យចុះឈ្មោះជាមួយនាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្ម (DFAT) ដើម្បីចាកចេញពីប្រទេសអ៊ីរ៉ង់ ។
រដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី Penny Wong បានឲ្យដឹងថា ពលរដ្ឋអូស្ត្រាលី ៣៥០ នាក់បានណែនាំ DFAT ពីបំណងប្រាថ្នារបស់ពួកគេ ក្នុងការចាកចេញពីប្រទេសអ៊ីរ៉ង់ ហើយពលរដ្ឋ ៣០០ នាក់ បានធ្វើដូច្នេះសម្រាប់អ៊ីស្រាអែល ដោយមានការរំពឹងទុកការចុះឈ្មោះកាន់តែច្រើន។ លោកស្រី Wong បានលើកឡើងថា រដ្ឋាភិបាលកំពុងធ្វើការលើផែនការ ជាច្រើនដើម្បីជួយមនុស្សចាកចេញ នៅពេលដែលមានសុវត្ថិភាព៕
ប្រែសម្រួល ឈូក បូរ៉ា
