ម៉ាឌ្រីដ៖ រដ្ឋមន្ត្រីការបរទេស អេស្បាញលោក Jose Manuel Albares បានអំពាវនាវឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មអាវុធលើ អ៊ីស្រាអែល ជាមធ្យោបាយមួយ ដើម្បីបញ្ចប់ជម្លោះ ដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg កាលពីថ្ងៃអង្គារ លោក Albares បានសង្កត់ធ្ងន់ថាអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែល ក្នុងពិភពលោក ទទួលបានឥទ្ធិពលយ៉ាងសំខាន់។ លោកបានឲ្យដឹងថា ប្លុកនេះ “ត្រូវតែដាក់ទណ្ឌកម្មអាវុធ ដើម្បីកុំឱ្យដៃគូអឺរ៉ុប របស់យើង លក់អាវុធឱ្យអ៊ីស្រាអែល ខណៈពេលដែលសង្រ្គាម នេះនៅតែបន្ត” ។
លោក Albares ជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះជម្លោះនៅតំបន់ហ្គាហ្សា និងជាអ្នកតស៊ូមតិ យ៉ាងម៉ឺងម៉ាត់ សម្រាប់ដំណោះស្រាយរដ្ឋពីរ ។ កាលពីខែឧសភា លោកបានហៅតំបន់ហ្គាហ្សាថាជា “របួសសម្រាប់មនុស្សជាតិ” នៅក្នុងកិច្ចប្រជុំអន្តរជាតិ នៃតំណាងបរទេស មកពីបណ្តាប្រទេសអឺរ៉ុប និងមូស្លីម ប្រេស៊ីល និងអង្គការអន្តរជាតិ។
ដោយអត្ថាធិប្បាយ លើជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលទើបផ្ទុះឡើងនោះ លោក Albares បានអំពាវនាវឱ្យមានការបន្ធូរបន្ថយការកើនឡើងពីភាគីទាំងសងខាង។ លោកបានលើកឡើងថា “ឥឡូវនេះ យើងត្រូវកាត់បន្ថយការផ្លាស់ប្តូរកាំជ្រួច និងគ្រាប់បែករវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយធានាថា អ្វីគ្រប់យ៉ាងដែលទាក់ទង នឹងកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ ហើយថាអ៊ីរ៉ង់ផ្លាស់ ទីឆ្ងាយពីការមានអាវុធ នុយក្លេអ៊ែរតាមរយៈការចរចាការទូត”៕
ប្រែសម្រួល ឈូក បូរ៉ា
