BUDAPEST៖ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី លោក Peter Szijjarto បានរិះគន់យ៉ាងខ្លាំង ចំពោះសំណើច្បាប់ របស់សហភាពអឺរ៉ុប ក្នុងការបញ្ឈប់ការនាំចូល ឧស្ម័នធម្មជាតិ និងប្រេងពីរុស្ស៊ី។
ថ្លែងនៅទីក្រុង Budapest លោក Szijjarto បានឲ្យដឹងថា សំណើនេះបង្កការគំរាមកំហែង ដល់សន្តិសុខ ថាមពលរបស់ប្រទេសហុងគ្រី និងវិធានការកាត់បន្ថយថ្លៃ ដើមប្រើប្រាស់របស់វា។ លោកប្ដេជ្ញាថា រដ្ឋាភិបាលនឹងប្រឆាំងនឹងវិធានការនេះតាមគ្រប់ មធ្យោបាយដែលមាន។
រដ្ឋមន្ត្រីហុងគ្រី បានព្រមានថា ប្រសិនបើអនុម័ត សំណើនេះនឹងបង្ខំឱ្យគ្រួសារហុងគ្រីត្រូវបង់ថ្លៃអគ្គិសនីពីរដង និងច្រើនជាងបីដង សម្រាប់ឧស្ម័ន។
យោងតាមលោក Szijjarto បទប្បញ្ញត្តិដែលបានស្នើឡើងនឹងហាមឃាត់កិច្ចសន្យាឧស្ម័នរយៈពេលខ្លីជាមួយរុស្ស៊ី ដែលចាប់ផ្តើមនៅដើមឆ្នាំ២០២៦ និងហាមឃាត់កិច្ចព្រមព្រៀងរយៈពេលវែងចាប់ពីឆ្នាំ២០២៨ ។ ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី ក៏នឹងត្រូវលុបចោលនៅឆ្នាំ២០២៨ ផងដែរ។
លោកបានក្រើនរំលឹកថា បំពង់បង្ហូរប្រេងទាំងពីរ របស់ហុងគ្រីអាច នឹងត្រូវបិទក្រោមផែនការ ហើយសមត្ថភាពនាំចូលឧស្ម័ន ២៦ ពាន់លានម៉ែត្រគូប នឹងត្រូវបាត់បង់។
លោកបានបញ្ជាក់ថា “ពួកគេកំពុងបិទផ្លូវផ្គត់ផ្គង់ ឧស្ម័នធម្មជាតិដ៏ធំ បំផុតទាំងពីរ ហើយបន្ទាប់មកពួកគេអះអាងថា វាជាការកាត់បន្ថយការពឹងផ្អែក និងការកែលម្អសន្តិសុខ ថាមពល”៕
ប្រែសម្រួល ឈូក បូរ៉ា
