បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បាននិយាយនៅពេលកំពុងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យថា អំពើភេរវកម្មបានក្លាយជា បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់មនុស្សជាតិ។
បន្ថែមលើសពីនេះការលើកឡើងនោះផងដែរលោកនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវឲ្យក្រុមប្រទេសថ្មីនេះក្នុងការសំដែងនូវការថ្កោលទោសអំពើភេរវកម្ម និងមិនបង្ហាញការស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មលើភេរវករទាំងឡាយឡើយ។
សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះដោយសំដៅទៅលើការវាយប្រហារភេរវកម្មដ៏សាហាវនៅ Pahalgam រដ្ឋ Kashmir ដែលក្នុងនោះមនុស្ស២៦នាក់បានបាត់បង់ជីវិត លោក Modi បានពណ៌នាថាវាជា ការវាយប្រហារដោយផ្ទាល់ទៅលើព្រលឹង អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសឥណ្ឌា។
លោក Modi បានសង្កត់ធ្ងន់ថា៖ការថ្កោលទោសអំពើភេរវកម្មគួរតែជា គោលការណ៍ របស់យើង មិនមែនគ្រាន់តែជា ភាពងាយស្រួល នោះទេប៉ុន្តែក៏សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន ឬនយោបាយ ការផ្ដល់ការយល់ព្រមដោយស្ងៀមស្ងាត់ចំពោះអំពើភេរវកម្ម គាំទ្រភេរវកម្ម ឬភេរវករ ណាមួយគឺជារឿងដែលមិនគួរទទួលយកបានក្នុងកាលៈទេសៈណាក៏ដោយ។
យ៉ាងណាក្តីមេដឹកនាំ BRICS កាលពីថ្ងៃអាទិត្យបានថ្កោលទោសការវាយប្រហារ Pahalgam និងបានបន្ទរគោលជំហររបស់ឥណ្ឌាលើការទទួលយកវិធីសាស្រ្តគ្មានការអត់ឱនឆ្ពោះទៅរកសកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងភេរវកម្ម និងបដិសេធស្តង់ដារទ្វេរដងក្នុងការប្រឆាំងនឹងវាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
