ព័ត៌មានអន្តរជាតិ

លោក Donald Trump គំរាមដាក់ពន្ធបន្ថែម 10% លើប្រទេសណាមួយដែលធ្វើអាជីវកម្ម ជាមួយកុ្រមប្រទេស BRICS ដោយគ្មានករណីលើកលែង

RT News

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមដាក់ពន្ធបន្ថែម 10% លើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយកុ្រមប្រទេស BRICS ដោយគ្មានករណីលើកលែង ដោយចោទប្រកាន់ប្លុកសេដ្ឋកិច្ចនេះថា បានអនុម័ត “គោលនយោបាយប្រឆាំងអាមេរិក”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការព្រមាននេះបានធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី មេដឹកនាំនៃក្រុមប្រទេស BRICS បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះគឺ ប្លុកនេះបានរិះគន់សកម្មភាពពន្ធគយឯកតោភាគី និងថ្កោលទោសអ្វីដែលពួកគេបានពិពណ៌នាថា ជាវិធានការពាណិជ្ជកម្ម “មិនរើសអើង” ដោយមិននិយាយអំពីសហរដ្ឋអាមេរិកដោយត្រង់ៗនោះទេ។

លោក Trump បានសរសេរនៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃអាទិត្យថា “ប្រទេសណាមួយដែលស្របជាមួយនឹងគោលនយោបាយ ប្រឆាំងអាមេរិករបស់ក្រុមប្រទេស BRICS គឺ នឹងត្រូវបានគិតពន្ធបន្ថែម 10% ។ វានឹងមិនមានករណីលើកលែងចំពោះគោលនយោបាយនេះទេ”។

ការព្រមាននេះបានបន្លឺឡើងនូវការលើកឡើងកាន់តែខ្លាំងរបស់លោក Trump ក្នុងខែកុម្ភៈ នៅពេលដែលលោកបានគំរាមសមាជិក BRICS ជាមួយនឹងពន្ធខ្ពស់រហូតដល់ 100%។ នៅពេលនោះ លោកបានប្រកាសថា BRICS “ស្លាប់” ប្រសិនបើក្រុមនេះបង្កើតរូបិយប័ណ្ណរួម ឬបើមិនដូច្នេះទេ ជំទាស់នឹងការត្រួតត្រារបស់ប្រាក់ដុល្លារអាមេរិកនៅក្នុងពាណិជ្ជកម្មពិភពលោក។

សូមជម្រាបថា ក្រុមប្រទេស BRICS ដែលដើមឡើយត្រូវបានបង្កើតឡើងដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិនក្នុងឆ្នាំ ២០០៦ បានពង្រីកទៅរួមមានអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប់រួម និងឥណ្ឌូនេស៊ី។ នៅឯកិច្ចប្រជុំកំពូលរបស់ក្រុមនៅទីក្រុង Kazan នៃប្រទេសរុស្ស៊ីកាលពីឆ្នាំមុន, BRICS បានអនុម័តឋានៈជា “ប្រទេសដៃគូ” ថ្មីមួយដើម្បីឆ្លើយតបទៅនឹងចំណាប់អារម្មណ៍សមាជិកភាព ដែលកំពុងកើនឡើងដែលបង្ហាញដោយប្រទេសជាង ៣០ប្រទេស៕

ប្រែសម្រួលៈ ណៃ តុលា

To Top