ចាប់តាំងពីការដាក់ចេញ នូវគោលនយោបាយ “ចិនឌីជីថល” (Digital China) ក្នុងឆ្នាំ២០១៥ មក សេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន ទទួលបាននូវសន្ទុះ អភិវឌ្ឍន៍យ៉ាងខ្លាំង ជាមួយនឹងសមិទ្ធផល គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បណ្តាញអ៊ិនធើណែត 5G បញ្ញាសិប្បនិម្មិត (AI) និងទីក្រុងឆ្លាតវៃជាដើម។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អ្នកប្រើប្រាស់អ៊ិនធើណែតក្នុងប្រទេសចិន បានកើនឡើងដល់ ១,១ ពាន់លាននាក់ (ស្មើនឹង ៧៨,៦% នៃប្រជាជនសរុប) ហើយទីផ្សារលក់រាយតាមប្រព័ន្ធអ៊ិនធើណែតរបស់ចិន សម្រេចបានប្រមាណ ២,១៦ ពាន់ពាន់លានដុល្លារអាម៉េរិក ដែលជាទំហំសេដ្ឋកិច្ចឌីជីថលធំជាងគេ លំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក ។
ស្របពេលដែលសន្ទុះ នៃសេដ្ឋកិច្ចឌីជីថលចិន បានរួមចំណែកដល់ភាពធន់ និងកំណើនសេដ្ឋកិច្ច ក្នុងស្រុករបស់ចិន វាក៏បានក្លាយ ទៅជាកត្តាជំរុញដ៏សំខាន់ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ឌីជីថលអន្តរជាតិ និងនាំមកនូវ កាលានុវត្តភាពថ្មីៗ សម្រាប់ការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងវិស័យ សេដ្ឋកិច្ចឌីជីថលផងដែរ ។
ជាក់ស្តែង ក្នុងសន្និសីទសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង នាដើមខែកក្កដានេះ ប្រទេសចិនបានបង្កើត “សម្ព័ន្ធភាពទីក្រុង សេដ្ឋកិច្ចឌីជីថលសកល (Digital Economy Cities Alliance – DEC40)” ជាមួយនឹងទីក្រុងចំនួន ៤០ មកពីទ្វីប និងតំបន់នានា ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នឌីជីថល បង្កើតស្តង់ដារសម្រាប់អភិបាលកិច្ចឌីជីថល និងចែករំលែកនូវផែនទីចង្អុល ផ្លូវឌីជីថលទីក្រុងចិន ដល់ដៃគូនានា ។
គំនិតផ្តួចផ្តើម DEC40 មិនត្រឹមតែឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការចូលរួមជាមួយសហគមន៍ អន្តរជាតិ ដើម្បីចែករំលែក បទពិសោធន៍ជោគជ័យ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលនោះទេ ប៉ុន្តែក៏នឹងនាំមកនូវ កាលានុវត្តភាព អភិវឌ្ឍន៍ថ្មីៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលប្រឈម នឹងគម្លាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ហាអភិបាលកិច្ច ឌីជីថលផងដែរ ។
ក្រោមគំនិតផ្តួចផ្តើម DEC40 ប្រទេសចិននឹងអនុវត្តនូវផែនការសកម្មភាពចំនួន ៣ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដែលក្នុងនោះរួមមាន៖ (១) ការផ្តល់សេវារៀបចំផែនការហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេវាប្រឹក្សាយោបល់ដល់ទីក្រុងចំនួន ១០០ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ (២) ការបណ្តុះបណ្តាលមន្ត្រីអភិបាលកិច្ចឌីជីថលកម្រិតទីក្រុងចំនួន ១០០ នាក់ និង (៣) ការដាក់ចេញនូវគម្រោងចំនួន ១០ ក្នុងវិស័យកសិកម្មឆ្លាតវៃ និងការថែទាំសុខភាពឌីជីថល។
ជាងនេះទៅទៀត វឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងវិស័យបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថល ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពន្លឿនការអនុវត្តគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ សហប្រជាជាតិផងដែរ។
តួយ៉ាង ប្រទេសចិនបានដាក់ចេញគំនិតផ្តួចផ្តើមផ្លូវសូត្រឌីជីថល (Digital Silk Road) ដើម្បីជំរុញការតភ្ជាប់ឌីជីថលសកល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ពាណិជ្ជកម្ម អេឡិចត្រូនិក ព្រមទាំងចែករំលែកគំរូ បច្ចេកវិទ្យារបស់ចិន ។
ជាមួយនឹងកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌផ្លូវសូត្រ ឌីជីថល ប្រទេសចិនបានក្លាយទៅជា ដៃគូឈានមុខរបស់ប្រទេស កំពុងអភិវឌ្ឍន៍ ក្នុងការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផ្អែកលើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ទទួលបានលទ្ធភាពក្នុងការពង្រីក បណ្តាញខ្សែកាបអុបទិក អភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃ និងជំនាញឌីជីថល ព្រមទាំងជំរុញនវានុវត្តន៍ឌីជីថល ។
ថ្មីៗនេះ ក្នុងនាមជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចឌីជីថលអង្គការសហប្រតិបត្តិការសៀងហៃ ដែលបានប្រព្រឹត្តទៅនៅទី ក្រុងធានជីង ប្រទេសចិនបានកៀរគរនូវគម្រោងវិនិយោគចំនួន ២១ សរុបជាទឹកប្រាក់ប្រមាណ ១៨៦ លានដុល្លារអាម៉េរិក គ្របដណ្តប់លើវិស័យហេដ្ឋារចនាសម្ព័ន្ធថាមពលកុំព្យូទ័រ ការថែទាំសុខភាព និងថាមពលឆ្លាតវៃជាដើម។
គម្រោងទាំងនេះ នឹង បង្កើនសន្ទុះថ្មីដល់ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ព្រមទាំងរួមចំណែក ដល់ការកាត់បន្ថយ គម្លាតឌីជីថល និងលើកកម្ពស់ភាពធន់ នៃប្រព័ន្ធសេដ្ឋកិច្ចក្នុងសហគមន៍ ដែលជាក្របខណ្ឌចាំបាច់ សម្រាប់ការជំរុញការ អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
សរុបមក ខណៈដែលពិភពលោកឈានចូល ក្នុងយុគសម័យឌីជីថល សន្ទុះនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន នឹងក្លាយទៅជាក្បាល ម៉ាស៊ីន នៃការជំរុញនវានុវត្តន៍ ឌីជីថលសកល ព្រមទាំងរួមចំណែក ជាវិជ្ជមាន ដល់ការអភិវឌ្ឍប្រកប ដោយចីរភាព ។ ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេ ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម ប្រទេសចិន នឹងបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការពន្លឿន ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ៕
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
