Covid-19

រយៈពេល២៤ម៉ោង រុស្ស៊ី រកឃើញករណីឆ្លងថ្មី របស់មេរោគកូវីដ១៩ ដល់ទៅជាង ១ម៉ឺននាក់

មូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតប នឹងរោគឆ្លង របស់ប្រទេសរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធថា ប្រទេសរុស្ស៊ី បានបញ្ជាក់ពីករណី ឆ្លងជំងឺកូវីដ១៩ ចំនួន ១០.៥៥៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលបានបង្កើន ចំនួនអ្នកឆ្លងសរុបដល់ ១៦៥.៩២៩ នាក់។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ទិន្នន័យរបស់មជ្ឈមណ្ឌល បានបង្ហាញថា ការកើនឡើងមួយថ្ងៃមានជាង ១០.០០០ នាក់ ក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា។

ចំនួនអ្នកស្លាប់ ដោយសារជំងឺរាតត្បាតនេះ បានកើនឡើងពី ៨៦ នាក់ដល់ ១.៥៣៧ នាក់ ខណៈមនុស្ស ២១,២២៧ នាក់បានជាសះស្បើយ ក្នុងនោះមាន ១.៤៦២ នាក់ បានជាសះស្បើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។

ទីក្រុងមូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេ របស់ប្រទេសនេះ បានបញ្ជាក់ថា មានករណីឆ្លងថ្មីចំនួន ៥.៨៥៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលសរុបទៅមានចំនួន ៨៥.៩៧៣ ករណី។

អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសុខភាពមនុស្សរបស់រុស្ស៊ី បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ នៅថ្ងៃពុធថាមនុស្សចំនួន ២២៧.៧៩២ នាក់កំពុងស្ថិតនៅក្រោម ការឃ្លាំមើលខាងវេជ្ជសាស្ត្រ គិតត្រឹមថ្ងៃអង្គារ។

របាយការណ៍បានបន្ថែមទៀតថា ការធ្វើតេស្តមន្ទីរពិសោធន៍ គឺបានធ្វើឡើង ទៅលើមនុស្សច្រើនជាង ៤.៦ លាន ដើម្បីរកវីរុសកូវីដ ១៩ នៅទូទាំងប្រទេស រហូតមកដល់ពេលនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top