ទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន៖ ពិព័រណ៍ពាណិជ្ជកម្មទំនិញចិន នៅកម្ពុជាឆ្នាំ២០២៥ ត្រៀមបើកហើយ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ដល់ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំ របស់បណ្តាប្រទេស តាមបណ្ដោយខ្សែក្រវាត់ និងផ្លូវ នឹងចាប់ផ្តើមឡើង នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ពិព័រណ៍ពាណិជ្ជកម្មទំនិញចិន នៅកម្ពុជាឆ្នាំ២០២៥ នឹងត្រូវប្រារព្ធឡើងយ៉ាងអធិកអធមនៅទីនេះ។ នេះមិនត្រឹមតែជាពិព័រណ៍ទំនិញអន្តរជាតិលើកដំបូង ដែលរៀបចំដោយប្រទេសចិន នៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាក៏ជាពិព័រណ៍ប្រធានបទរបស់ចិន ដែលមានទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្ត្រកម្ពុជា ដោយមានវត្តមានក្រុមហ៊ុនចិនជិត ១០០ចូលរួមតាំងពិព័រណ៍។ នេះក៏ជាសញ្ញាមួយបង្ហាញថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលកាន់តែមានភាពរស់រវើក។
កម្លាំងជំរុញនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ផ្តល់ផ្លែផ្កាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន
ពិព័រណ៍លើកនេះ បានប្រព្រឹត្តទៅចំពេលដ៏សំខាន់ ដែលគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” កំពុងត្រូវបានជំរុញឱ្យកាន់តែស៊ីជម្រៅ។ ក្នុងនាមជាដៃគូដ៏សំខាន់ក្នុងការកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រទេសកម្ពុជា ដោយសារមានទីតាំងភូមិសាស្ត្រដ៏ល្អ គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងកម្លាំងជំរុញអភិវឌ្ឍន៍ដ៏ខ្លាំងក្លារបស់ខ្លួន បានក្លាយជាច្រកទ្វារដំបូងសម្រាប់ក្រុមហ៊ុនចិនក្នុងការចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។
ក្រុមហ៊ុនចិនចេញទៅក្រៅប្រទេស ផលិតផលចម្រុះបញ្ចេញពន្លឺនៅភ្នំពេញ
ស្របពេលដែលសេដ្ឋកិច្ចសកល កំពុងប្រែប្រួលយ៉ាងស៊ីជម្រៅ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនចិន “ដើរចេញទៅក្រៅ” ដើម្បីរួមបញ្ចូលខ្លួនយ៉ាងស៊ីជម្រៅ ទៅក្នុងទីផ្សារតំបន់ បានក្លាយជាជម្រើសដ៏ចាំបាច់។ ពិព័រណ៍លើកនេះ បានកសាងស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាព និងរលូនរវាងសមត្ថភាព ផលិតដែលមានគុណភាពខ្ពស់របស់ចិន ជាមួយនឹងតម្រូវការទីផ្សារនៅកម្ពុជា និងអាស៊ាន។
វិសាលភាពនៃផលិតផល ដែលដាក់តាំងបង្ហាញគឺមានគោលដៅច្បាស់លាស់ ដោយរួមមាន៖ ប៊ូឡុងនិងវីស គ្រឿងដែក គ្រឿងសំណង់ ផលិតផលថាមពលពន្លឺព្រះអាទិត្យ ឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះ សម្លៀកបំពាក់ វាយនភ័ណ្ឌប្រើក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត និងរបស់របរជាច្រើនទៀត។ ក្រុមហ៊ុនចិនជិត ១០០ នឹងបង្ហាញយ៉ាងគ្រប់ជ្រុងជ្រោយ នូវសមត្ថភាពប្រកួតប្រជែង និងនវានុវត្តន៍នៃ “ផលិតផលផលិតនៅចិន” ដើម្បីបំពេញតម្រូវការ តាមកម្រិតផ្សេងៗនៃទីផ្សារកម្ពុជា និងទីផ្សារក្នុងតំបន់។








កិច្ចពិភាក្សាវេទិកាជាន់ខ្ពស់ តភ្ជាប់យ៉ាងត្រឹមត្រូវ រួមគ្នាកសាងផែនទីថ្មីសម្រាប់ការអភិវឌ្ឍ
ក្នុងអំឡុងពេលពិព័រណ៍លើកនេះ នឹងមានព្រឹត្តិការណ៍ពិសេសជាច្រើន ត្រូវបានរៀបចំឡើង៖
វេទិកាសក្តានុពលអភិវឌ្ឍន៍ពាណិជ្ជកម្មកម្ពុជា-ចិន៖ វេទិកានេះនឹងប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច និងអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធ មកពីប្រទេសទាំងពីរ ដើម្បីវិភាគយ៉ាងស៊ីជម្រៅ អំពីបរិយាកាសវិនិយោគ គោលនយោបាយឧស្សាហកម្មអាទិភាព និងចំណុចសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ នាពេលអនាគតរបស់កម្ពុជា ដែលនឹងផ្តល់ការតម្រង់ទិសដ៏មានតម្លៃ សម្រាប់ក្រុមហ៊ុននៃប្រទេសទាំងពីរ ក្នុងការចូលទៅកាន់ទីផ្សារ។
ជំនួបបន្ស៊ីការផ្គត់ផ្គង់ និងតម្រូវការសម្រាប់អ្នកទិញ មកពីកម្ពុជា ចិន និងអន្តរជាតិ៖ បង្កើតវេទិកាទំនាក់ទំនងធុរកិច្ច B2B ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រៅពីអ្នកទិញក្នុងស្រុកដ៏មានសក្តានុពល ក៏នឹងមានការទាក់ទាញ អ្នកទិញអន្តរជាតិមកពីអឺរ៉ុប អាមេរិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសដទៃទៀត ដើម្បីជួយក្រុមហ៊ុនចិនសម្រេចបាននូវ “ការបន្ស៊ីតែមួយ គ្របដណ្ដប់ច្រើនប្រទេស” ។
ការគាំទ្រយ៉ាងពេញទំហឹង ពីសហគ្រិនចិននៅកម្ពុជា៖ សភាពាណិជ្ជកម្មចិនសំខាន់ៗនៅកម្ពុជា ដូចជាសភាពាណិជ្ជកម្មខេត្ត Zhejiang, Heilongjiang, Shandong, Hunan ជាដើម នឹងរៀបចំសមាជិករបស់ខ្លួន មកចូលរួមពិព័រណ៍ និងទិញទំនិញ។ បណ្តាញទំនាក់ទំនងក្នុងស្រុកដ៏រឹងមាំរបស់ពួកគេ នឹងផ្តល់ការគាំទ្រយ៉ាងរឹងមាំ សម្រាប់ក្រុមហ៊ុនដែលចូលរួមតាំងពិព័រណ៍ ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា។


រួមគ្នាប្រារព្ធព្រឹត្តិការណ៍ដ៏អស្ចារ្យ បង្កើតអនាគតថ្មី
ការរៀបចំពិព័រណ៍ពាណិជ្ជកម្មទំនិញចិន នៅកម្ពុជាឆ្នាំ២០២៥ គឺជាសកម្មភាពជាក់លាក់មួយ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន និងអនុវត្តតាមតម្រូវការ នៃការកសាងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់។ វាមិនត្រឹមតែជាការត្រួសត្រាយផ្លូវយ៉ាងរលូន សម្រាប់ក្រុមហ៊ុនចិន ដើម្បីបោះជំហានចូលទីផ្សារកម្ពុជា និងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំមកនូវ ជម្រើសគុណភាពខ្ពស់ជាច្រើនទៀត សម្រាប់ការពង្រឹងសមត្ថភាពឧស្សាហកម្ម និងការផ្តល់ជូនដល់អ្នកប្រើប្រាស់កម្ពុជា ដែលប្រាកដជានឹងអាចសរសេរទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការអភិវឌ្ឍរួមគ្នារវាងកម្ពុជា-ចិន។
យើងខ្ញុំរង់ចាំស្វាគមន៍វត្តមាន អ្នកពាក់ព័ន្ធមកពីគ្រប់វិស័យ ដើម្បីរួមគ្នាស្វែងរកឱកាសអាជីវកម្ម និងស្វែងរកការអភិវឌ្ឍរួមគ្នា!
