Airbus ចង់ស្វែងរកឱកាស ក្នុងវិស័យអាកាសចរណ៍ របស់កម្ពុជា

ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ បានស្វាគមន៍លោកស្រី Tri Mai Hoang ពីក្រុមហ៊ុន Airbus ដើម្បីពិភាក្សាអំពីឱកាសក្នុងវិស័យអាកាសចរណ៍របស់កម្ពុជា។
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ដោយមានការចូលរួមពីសហការីរបស់ស្ថានទូត បានដឹកនាំកិច្ចប្រជុំផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់កំណើនវិស័យប្រកបដោយចីរភាព។ នេះបើតាមហ្វេសប៊ុក របស់ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា នៅថ្ងៃចន្ទទី១៥ ខែកញ្ញា ឆ្នាំ២០២៥។
ក្រុមហ៊ុន Airbus ដែលជាដៃគូយូរអង្វែងក្នុងប្រទេសកម្ពុជា បាននាំយកអ្នកជំនាញជាសាកល ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាកាសចរណ៍។ អាកាសយានដ្ឋានអន្តរជាតិតេជោ រចនាដោយស្ថាបត្យករអង់គ្លេស Foster + Partners ឆ្លុះបញ្ចាំងពីសក្តានុពលសម្រាប់កិច្ចសហការ កាន់តែស៊ីជម្រៅ។
ដំណើរមកដល់របស់តំណាង Airbus មកកាន់កម្ពុជា បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បានប្រកាសពីទិញយន្តហោះ Boing របស់អាមេរិក និង C909របស់ប្រទេសចិន។
ស្ថានទូតអង់គ្លេស បន្តថា “ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសស្ថាបនិករបស់ក្រុមហ៊ុន Airbus ចក្រភពអង់គ្លេសបន្តឈានមុខក្នុងអាកាសចរណ៍ច្នៃប្រឌិត និងប្រកបដោយនិរន្តរភាព”។
ស្ថានទូតទន្ទឹងរង់ចាំការចូលរួមជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន Airbus និងអ្នកដឹកនាំឧស្សាហកម្មរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញទេសចរណ៍ ការតភ្ជាប់ និងកំណើនសេដ្ឋកិច្ច នៅទូទាំងប្រទេសកម្ពុជា៕

