ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដឹកនាំប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់

ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ខេត្ត មេបញ្ជាការនៃកងកម្លាំងទាំងបី ប្រធានមន្ទីរ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលជាឥស្សរជនឆ្នើមមួយរូប។

ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ដែលមានតួនាទីជា នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានទទួលមរណភាពក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។

លោក គឺជាវីរយោធិនមួយរូបដែលបានចូលរួមតស៊ូរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ និងជាប្រតិបត្តិករដ៏សំខាន់ក្នុងការអនុវត្ត “នយោបាយ ឈ្នះ-ឈ្នះ”។ ពេញមួយជីវិតបម្រើជាតិ ឯកឧត្តមបានលះបង់កម្លាំងកាយចិត្តយ៉ាងសកម្មក្នុងការងារការពារបូរណភាពទឹកដី កំណែទម្រង់កងទ័ព និងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយធម្មជាតិ។

ពិធីបុណ្យលោកឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ត្រូវបានប្រារព្ធធ្វើឡើងនៅគេហដ្ឋានសព ស្ថិតនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ៕

To Top