ព័ត៌មានជាតិ

បង្ហោះម៉ូតូឡូយពេក សម្ថកិច្ចខេត្តត្បូងឃ្មុំ នាំខ្លួននឹងអាណាព្យាបាលទៅចុះកិច្ចសន្យា

ខេត្តត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានចុះល្បាត និងឃាត់ខ្លួនក្រុម «ក្មេងទំនើង» ចំនួន ៦នាក់ ក្នុងចំណោម ១០នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូបង្កការអុកឡុកនៅលើផ្លូវសាធារណៈ។

ហេតុការណ៍នេះបានកើតឡើងនៅមុខស្នាក់ការបក្សខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតម៉ូតូបាន ៦គ្រឿងផងដែរ។

ក្រោយពីធ្វើការសាកសួរ ក្រុមយុវជនទាំងនោះបានសារភាពថា ពិតជាបានប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់មែន។ បន្ទាប់ពីធ្វើការអប់រំ និងណែនាំរួច សមត្ថកិច្ចបានអនុញ្ញាតឲ្យអាណាព្យាបាលមកធានាយកទៅវិញ។ ដោយឡែក ម៉ូតូទាំង ៦គ្រឿង ត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តរយៈពេល ៣ខែ។ ចំពោះបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល

To Top