ព័ត៌មានជាតិ

ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ ជួបប្រជុំជាលើកដំបូង

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសកម្ពុជា-ថៃបានជួបប្រជុំលើកដំបូងតាមប្រព័ន្ធ VTC ដើម្បីពិភាក្សាការងារដោះមីនមនុស្សធម៌នៅតាមតំបន់អាទិភាពតាមព្រំដែន។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជាដែលភាគីទាំងពីបានឯកភាពគ្នាឲ្យបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) ក្នុងការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ ។

សូមបញ្ជាក់ថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផល ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។

បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ៕

To Top