ក្រសួងការងារ និងក្រុមហ៊ុនឧស្សាហកម្មដ៏ធំរបស់កូរ៉េខាងត្បូង ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការងារក្រោមកម្មវិធីពលករជំនាញ

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសមជាមួយលោក Park Joo Bong ប្រធានក្រុមហ៊ុន Daejoo KC Group របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារក្រោមកម្មវិធីពលករជំនាញ (E7) ដើម្បីចូលរួមពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋខ្មែរ តាមរយៈការទៅធ្វើការនៅប្រទេសកូរ៉េដែលមានបច្ចេកវិទ្យាទំនើបៗក្នុងវិស័យយានយន្ត អគ្គិសនី និងគីមីវិទ្យា។
លោក Park Joo Bong បានហៅកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងកូរ៉េខាងត្បូង នាពេលនេះ គឺជាយន្តការឈ្នះៗសម្រាប់ភាគីទាំងពីរ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលមិនត្រឹមតែផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងក្នុងការនាំយកពលករជំនាញទៅកាន់ប្រទេសកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជួសជុលរថយន្ត “Hyundai Dream Center” នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដើម្បីបណ្តុះបណ្តាលយុវជនកម្ពុជាឱ្យមានសមត្ថភាព និងផលិតភាពខ្ពស់តាមស្តង់ដារបស់កូរ៉េខាងត្បូង ទៀតផង។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពជំនាញរបស់យុវជនកម្ពុជាឱ្យមានជំនាញ និងមានកម្រិតស្តង់ដាខ្ពស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយទីភ្នាក់ងារជំនួយបរទេស ដែលនៅក្នុងនោះក៏មាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីបណ្តុះបណ្តាលជំនាញដល់សិក្ខាកាម និងសិស្សនិស្សិតកម្ពុជាផងដែរ ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ។
ភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការក្រោមកម្មវិធីពលករជំនាញ ដែលភាគីកម្ពុជា និងសាធារណរដ្ឋកូរ៉េកំពុងបន្តដំណើរការដោយរលូននេះ នឹងបន្តជោគជ័យផ្តល់ផ្លែផ្កាដល់ប្រទេសទាំងពីរបន្ថែមទៀត៕




















