ព័ត៌មានជាតិ

កម្ពុជា ជឿជាក់ថា ក្រោយចប់កូវីដ១៩ ជាសកលវិស័យ ទេសចរណ៍ នឹងមានភាពល្អ ប្រសើរឡើងវិញ

ភ្នំពេញ ៖ បច្ចុប្បន្នការ រីករាលដាល ជាសកល នៃជំងឺកូវីដ១៩ ធ្វើឲ្យវិស័យទេស ចរណ៍នៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំងនោះ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក្រសួងទេសចរណ៍ មានជំនឿជឿជាក់ថា ក្រោយចប់បញ្ហាកូវីដ១៩នេះ វិស័យទេសចរណ៍នៅកម្ពុជា នឹងត្រឡប់មករកភាព ល្អប្រសើរឡើងវិញ ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០បានឲ្យដឹងថា “ក្រសួងទេសចរណ៍ មានចក្ខុវិស័យ សុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ស្របតាមយុទ្ធនាការ” ។

ប្រភពដដែលបន្តថា ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់ នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍ ។

ក្នុងដំណាក់កាលអន្តរកាល នៃការរង់ចាំ ស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩នេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវ ដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ទេសចរណ៍ទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដោយពង្រឹងគុណភាព សេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែប្រសើរជាងមុន ។

លើសពីនេះទៀត ក្រសួងទេសចរណ៍ក៏បាន លើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់ នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការ អាជីវកម្មចាប់ពី១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងកូវីដ១៩នេះ កែលម្អជួសជុល ក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើន គុណភាព និងដូចជាលក្ខណៈសម្បត្តិ ដើម្បីអាចបង្កើនលទ្ធភាព ទទួលបានការវាយតម្លៃ ចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ ទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ)ផងដែរ ៕ ដោយ៖ធី លីថូ

To Top