ព័ត៌មានជាតិ

ADB អនុម័តដំណាក់កាលទី២ នៃកម្មវិធីអភិវឌ្ឍន៍​វិស័យ សម្រាប់អន្តរកម្ម ថាមពលរបស់កម្ពុជា មានទឹកប្រាក់ ៨២,៥ លានដុល្លារ

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត ដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យ សម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជា ដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB បានឲ្យដឹងថា កម្មវិធីដំណាក់កាលទីមួយ ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២២ បានដាក់ចេញ នូវវិធានការ គោលនយោបាយសំខាន់ៗ ដែលដឹកនាំវិស័យថាមពល ឆ្ពោះទៅរកការអភិវឌ្ឍ ថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។

ផ្អែកលើមូលដ្ឋាននេះ កម្មវិធីដំណាក់កាលទីពីរ ជំរុញកំណែទម្រង់ លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹងក្របខ័ណ្ឌ ប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយ សំដៅទាក់ទាញការវិនិយោគពីវិស័យឯកជន។ សមិទ្ធផលសំខាន់ នៃកម្មវិធីនេះគឺ ការបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជាសម្រាប់បង្កើត ស្តង់ដារប្រសិទ្ធភាព ថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពី ម៉ាស៊ីនត្រជាក់ ដែលរួមចំណែកធំបំផុត ក្នុងការប្រើប្រាស់ ថាមពលក្នុងវិស័យលំនៅដ្ឋាន។

កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund) ផងដែរ ក្នុងគោលបំណងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើ បច្ចេកវិទ្យាសន្សំសំចៃថាមពល ។ មូលនិធិបង្វិលនេះ នឹងត្រូវបានបង្កើតឡើង តាមរយៈរចនាសម្ព័ន្ធ អន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ តាម រយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម មូលនិធិបង្វិលនេះត្រូវបានរំពឹងថានឹងពន្លឿនការវិនិយោគលើប្រសិទ្ធភាពថាមពលនៅទូទាំងប្រទេសកម្ពុជា។

នាយកស្តីទីធនាគារ អភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា «ADB មានកិត្តិយសក្នុង ការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរប្រកបដោយមហិច្ឆិតា និងការផ្លាស់ប្តូរ ក្នុងវិស័យថាមពល។ តាមរយៈកញ្ចប់ហិរញ្ញប្បទាន កំណែទម្រង់ដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវការគាំទ្រ គោលនយោបាយជា មួយនឹងការវិនិយោគ ជាយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នឹងគាំទ្រការប្រែក្លាយ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទៅជាលទ្ធផលជាក់ស្តែង។ ការងារនេះរួមបញ្ចូលទាំងគោលដៅ នៃការសម្រេចបាននូវ ថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយថាមពល នៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការជំរុញប្រសិទ្ធភាព ថាមពលប្រកបដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់ ដើម្បីធានាថាកំណើន របស់កម្ពុជានៅតែមាននិរន្តរភាព»។

កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់ កាលទីបីទៀតនៅឆ្នាំ ២០២៧ ដែលនឹងធ្វើឱ្យកំណែទម្រង់ កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌ បទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្តង់ដារ បច្ចេកទេសសម្រាប់ ថាមពលកកើតឡើងវិញសម្រាប់ អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគ ពីវិស័យឯកជនបន្ថែមទៀត។

សូមបញ្ជាក់ថា ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយ បញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ ប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

To Top