ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ ៖ អភិបាលក្រុង ស្រុក ខណ្ឌ ត្រូវម្ចាស់ការ ​ក្នុងដែនដីរបស់ខ្លួន

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា គ្រប់គណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវមានភាពម្ចាស់ការក្នុងដែនដី របស់ខ្លួន ដោយមិនត្រូវផ្អែកលើ គណៈអភិបាលរាជធានី ខេត្ត ចុះផ្ទាល់ដែលជាអង្គទទួលគោល នយោបាយ ពីថ្នាក់ជាតិនោះទេ ។

ក្នុងឱកាសអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោក ស សុខា បានលើកឡើងថា បើសិនជាក្នុងមូលដ្ឋាន របស់ខ្លួនមានការរំលោភបំពាន ដោយសំណង់អនាធិបតេយ្យ ឈានទៅដល់ការលុបប្រឡាយ ការយកចិញ្ចើមផ្លូវធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន និងសម្រាមនៅពាសវាលពាសកាល ត្រូវចុះអប់រំណែនាំ ឬក៏បញ្ឈប់សកម្មភាពទាំងនេះតែម្តង ដោយពុំចាំបាច់សុំគោលការណ៍អភិបាលរាជធានី-ខេត្តទេ ។

លោកបញ្ជាក់ថា “ចឹងខ្ញុំគិតថា ទី១អភិបាលខណ្ឌទាំងអស់ ដូចរដ្ឋមន្រ្តីនៅក្នុងខណ្ឌរបស់ខ្លួន ត្រូវតែមើលអាហ្នឹង មិនមែននាយករដ្ឋមន្រ្តីស្មើ នឹងអភិបាលក្រុងគាត់ទៅដើរតួជំនួសឬធ្វើជំនួសទេ ។ គាត់ជាអ្នកនយោបាយ ជាអ្នករៀបចំផែនការ អនុវត្តគម្រោងមេទាំងអស់ ដែលថ្នាក់ដឹកនាំ ឬមួយក៏ការកំណែ ទម្រង់វិមជ្ឈការ ឬសហវិមជ្ឈការ តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិយកអាហ្នឹងទៅធ្វើ ហើយគាត់ជាអ្នកម៉ែត្រវាស់តម្លៃថា អាហ្នឹងទៅមុខឬមិនទៅមុខ” ។
រដ្ឋមន្រ្តីក៏បានទទួលស្គាល់ថា នាពេលកន្លងមកថ្នាក់ជាតិបានទំលាក់ការងារ ទៅថ្នាក់ក្រោមជាតិ មិនគ្រប់ជ្រុងជ្រោយនោះទេ ។ ដូច្នេះថ្នាក់ក្រោមជាតិត្រូវតែចេះច្នៃប្រឌិត និងកែខៃបន្ថែមទៀតនូវចំណុចខ្វះខាតមួយចំនួន ។

សូមបញ្ជាក់ថា ការលើកឡើង របស់លោក ស សុខានេះ បន្ទាប់ពីសង្កេតឃើញថា អភិបាលរាជធានី-ខេត្ត មួយចំនួនបានចុះទៅពិនិត្យដោយផ្ទាល់ដូចជា ករណីពេលមានភ្លៀងធ្លាក់ម្តងៗ ដែលនេះបានដើរតួនាទីជំនួស ឲ្យគ្រប់អភិបាលក្រុង ស្រុក ខណ្ឌ៕

To Top