ព័ត៌មានជាតិ

ទឹកជំនន់ហូរបុកទម្លុះ កាត់ផ្តាច់ផ្លូវខេត្តលេខ៣៨៣បេ ៣កន្លែង នៅឃុំមេសរប្រចាន់ ស្រុកពារាំង

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ទឹកជំនន់បានបន្តហូរបុកទម្លុះ កាត់ផ្តាច់ផ្លូវខេត្តលេខ៣៨៣បេ ៣កន្លែង នៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។

បើតាមលោក ផន រឹម ទោះបីជាស្ថានភាពទឹកជំនន់ បានស្រកចុះ៣តឹក (ធៀបនឹងម្សិលម៉ិញ) ក៏ដោយ ប៉ុន្តែទឹកនៅបានបន្តបុកទម្លុះ ច្រោះតួផ្លូវខេត្តលេខ៣៨៣បេ ចំនួនពីរកន្លែងទៀតនៅក្បែរនោះ ។

ដោយសារស្ថានភាពបែបនេះ អាជ្ញាធរនៅបន្តបិទចរាចរណ៍ ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។

មន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង បន្តតាមដានការវិវត្តស្ថានភាពនោះ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា៕

To Top