អ៊ីរ៉ង់ ច្រានចោលការចរចា ជាមួយមហាអំណាចអឺរ៉ុប បន្ទាប់ពីការបន្ដទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិ

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មិនមានផែនការធ្វើកិច្ចចរចាជាមួយបារាំង អង់គ្លេស និងអាល្លឺម៉ង់នោះទេ បន្ទាប់ពីការផ្លាស់ប្តូររបស់ពួកគេ ដើម្បីបន្ដយន្តការ “snapback” ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ។
លោក Baghaei បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់កំពុង “ពិចារណាលើផលប៉ះពាល់ និងផលវិបាក” នៃអ្វីដែលលោកហៅថា សកម្មភាពប្រឆាំងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយមហាអំណាចទាំងបីរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកបានបន្ដថា អ៊ីរ៉ង់ នឹងសម្រេចចិត្តលើផ្នែកការទូត “នៅពេលណាដែលរដ្ឋាភិបាលមានអារម្មណ៍ថា វាអាចទទួលបានផ្លែផ្កា” ដោយសង្កត់ធ្ងន់ថា ការចរចាណាមួយត្រូវតែបម្រើផលប្រយោជន៍ជាតិរបស់ប្រទេស។
លោក Baghaei បានបន្ដថា «អ៊ីរ៉ង់នឹងមិនដែលសុំការចរចាទេ» ដោយបន្ថែមថាកិច្ចពិភាក្សាជាដំណើរការពីរផ្លូវ ដែលត្រូវការពារផលប្រយោជន៍ជាតិ សន្តិសុខ និងសេចក្តីថ្លៃថ្នូរ។
ក្រុមប្រទេសអឺរ៉ុបទាំងបី ក្នុងការសម្របសម្រួលជាមួយទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវឱ្យមានយន្តការ snapback នៅក្នុងខែសីហា បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបរាជ័យក្នុងការបន្តការបន្ធូរបន្ថយទណ្ឌកម្មនៅក្នុងខែកញ្ញា៕
ប្រែសម្រួល ឈូក បូរ៉ា
