ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការងារ រំលឹកពីវិធានការ សំខាន់ៗ ១១ចំណុច ដើម្បីជួយបងប្អូនពលករខ្មែរ ដែលទើបត្រឡប់ មកពីប្រទេសថៃ ឱ្យមានការងារធ្វើ និងគាំពារពលករ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជួយដល់បងប្អូនពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ ដើម្បីឱ្យពួកគាត់មានការងារធ្វើក្នុងស្រុក ។ ការដាក់ចេញនូវវិធានការទាំងនោះ បានទទួលលទ្ធផលជាបន្តបន្ទាប់ ដោយមានបងប្អូនពលករជាច្រើនរាប់សែននាក់ បានទទួលការងារធ្វើ។
នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

លោក ស៊ុន មេសា មានប្រសាសន៍នៅថ្ងៃទី៨ ខែតុលានេះថា ចាប់តាំងពីបងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញវិធានការ និងយន្ដការសំខាន់ៗចំនួន១១ចំណុច ដែលរួមមាន៖
១. ការដាក់ចេញនូវសេចក្តីជូនដំណឹង ស្តីពី ឱកាសការងារ និងការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូន ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។
២. ការដាក់ពង្រាយនូវមណ្ឌលសំចត និងកន្លែងទទួលពលករនៅតាមច្រកអន្តរជាតិកម្ពុជា-ថៃទាំង ៦ច្រក។
៣. ការដាក់ចេញនូវវេទិកាការងារតាមភូមិ-ស្រុក ជុំទី១ និងជុំទី២។
៤. សេចក្តីអំពាវនាវអំពីការទប់ស្កាត់ការរើសអើង និងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ។
៥. លិខិតចំហជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។
៦. សេចក្តីជូនដំណឹង ស្តីពី អំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ ពីប្រជាពលរដ្ឋជាថ្នូរនឹងការ ទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៧. សេចក្តីជូនដំណឹង ស្តីពី ការលើកលែងលក្ខខណ្ឌតម្រូវឱ្យភ្ជាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការដាក់ពាក្យធ្វើការ ចំពោះបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ។
៨. សេចក្តីណែនាំ ស្តីពី ការសហការផ្ដល់ព័ត៌មានឱកាសការងារ ជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
៩. ប្រជុំពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីការផ្សព្វផ្សាយឱកាសការងារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃវិញ។
១០. វេទិកាជាមួយសហជីព និងប្រតិភូបុគ្គលិក ដើម្បីជំរុញការផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ។
១១. យុទ្ធនាការជំរុញការចុះឈ្មោះស្វែងរកការងារជូនបងប្អូនពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដោយស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងបន្ថែមថា នៅក្នុងខែតុលានេះ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បាននិងកំពុងរៀបចំ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដែលរួមមាន៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ។

លោកបានបន្ថែមថា វិធានការទាំងនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយរកការងារធ្វើ និងផ្តល់កិច្ចគាំពារផ្សេងៗដល់ប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកកម្ពុជាវិញ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា «ការដាក់ចេញនូវវិធានការជាច្រើននេះ គឺបានបង្ហាញពីគិតគូរយ៉ាង យកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយធ្វើយ៉ាងណាជួយពលករ ដែលមកពីថៃរកការងារធ្វើឱ្យបាន» ។

លោក ស៊ុន មេសា បានបញ្ជាក់បន្ថែមថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តប្តេជ្ញាចិត្តខ្ពង់ក្នុងការ សម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយស្វែងរកការងារជូនដល់បងប្អូនពលករត្រឡប់មកពីប្រទេសថៃ និងបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយលេខ ១២៩៧ ឬជួយចុះឈ្មោះចូលធ្វើការជូនបងប្អូនពលករ តាមរយៈតេឡេក្រាមរបស់ក្រសួង៕

To Top