ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញអាជ្ញាធរស្រុក ពន្លឿនរៀបចំឯកសារអំពីផល ប៉ះពាល់នូវគ្រោះទឹកជំនន់ ដើម្បីពិនិត្យលទ្ធភាពស្ដារឡើងវិញ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រី ជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក រៀបចំឯកសារ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់ឲ្យបានឆាប់រហ័ស ដើម្បីពិនិត្យលទ្ធភាព ធ្វើការស្ដារឡើងវិញ ។

ការជំរុញរបស់លោកអភិបាល ខេត្តធ្វើឡើងនៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថាន ភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ។

បើតាមលោក គន់ សុភា អភិបាលរងខេត្តកំពង់ចាម បានឱ្យដឹងថា ផលប៉ះពាល់នៃគ្រោះទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយគិតចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៥ មានចំនួន ៨ ស្រុក ក្នុងនោះមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ស្មើហ្នឹង ៤៧ ឃុំ និង ១៤១ភូមិ ។

ករណីទឹកជំនន់នោះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០ គ្រួសារ នៅផ្ទះជាង ៣,០០០ ខ្នង ក្នុងនោះប្រជាពលរដ្ឋ ដែលបានជម្លៀសមកទីទួល សុវត្ថិភាពចំនួន ៦២ គ្រួសារ ។ ជាមួយគ្នានោះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ ហិចតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា ។ ជាមួយគ្នានោះដែរ បានធ្វើឲ្យបាក់ច្រើនទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ ម៉ែត្រ ផងដែរ ។

បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់នៃគ្រោះទឹកជំនន់នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យ មន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ សូមរៀបចំឯកសារឲ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធ្វើការស្ដារឡើងវិញ ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top