ព័ត៌មានអន្តរជាតិ

ប្រទេសនានាជំរុញ ឱ្យមានកិច្ចព្រមព្រៀងតំបន់ហ្គាហ្សា ខណៈការចរចាសន្តិភាព ឈានចូលដល់ថ្ងៃទី២ នៅអេហ្ស៊ីប

ហ្គាហ្សា៖ កិច្ចពិភាក្សាដោយប្រយោលរវាងគណៈប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស់បានឈានចូលដល់ថ្ងៃទី២ នៅក្នុងទីក្រុងរមណីយដ្ឋានអេហ្ស៊ីប Sharm El-Sheikh កាលពីថ្ងៃអង្គារ ជាខួបគម្រប់ពីរឆ្នាំ នៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ លើអ៊ីស្រាអែល ដែលបង្កជម្លោះបច្ចុប្បន្ននៅតំបន់ហ្គាហ្សា ។

ក្រុមហាម៉ាស់បានអះអាង កាលពីថ្ងៃអង្គារថា ខ្លួនកំពុងស្វែងរកបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងទូលំទូលាយ និងការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសន្និសិទសារព័ត៌មានដែលប្រារព្ធខួបលើកទី ២ នៃជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Fawzi Barhoum បានឲ្យដឹងថា គណៈប្រតិភូចលនាដែលចូលរួមក្នុង ការចរចាបច្ចុប្បន្ននៅក្នុងប្រទេសអេហ្ស៊ីបព្យាយាមជម្នះរាល់ឧបសគ្គ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង ដែលបំពេញតាមសេចក្តីប្រាថ្នា របស់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប។

កាលពីថ្ងៃអង្គារផងដែរ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty បានសម្តែងក្តីសង្ឃឹមរបស់ប្រទេសរបស់លោកថា ការចរចាដែលកំពុងបន្តនៅ Sharm El-Sheikh នឹងសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ ក្នុងការបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីស្លូវេនី លោក Tanja Fajon នៅទីក្រុងគែរ រដ្ឋមន្ត្រីទាំងពីរបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ដោយបានសម្តែងការគាំទ្រ ចំពោះសំណើបទឈប់បាញ់នាពេលថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងដំណោះស្រាយរដ្ឋទាំងពីរជាមូល ដ្ឋានសម្រាប់សន្តិភាពយូរអង្វែង។

លោក Abdelatty បានលើកឡើងថា ការចរចារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលគាំទ្រ ដោយអេហ្ស៊ីបនាពេលបច្ចុប្បន្ននេះ មានគោលបំណងឈាន ដល់កិច្ចព្រមព្រៀងមួយនៅលើដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀងដែលបានស្នើឡើង ដែលរួមមាន “ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល) និងអ្នកទោសប៉ាឡេស្ទីនមួយចំនួន និងការដាក់ពង្រាយកងកម្លាំងអ៊ីស្រាអែលឡើងវិញ ដើម្បីរៀបចំលក្ខខណ្ឌនៅលើមូលដ្ឋាន សម្រាប់ការអនុវត្តជំហានដោះលែង” ៕

To Top