ព័ត៌មានជាតិ

អ្នកនាំពាក្យព័ត៌មាន ៖ AI អាចជួយការងារព័ត៌មានបានច្រើន ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ ខ្លឹមសារមុន ប្រើប្រាស់

ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការងារ ព័ត៌មានបានច្រើន ប៉ុន្តែការប្រើប្រាស់ខ្លឹមសារដែលAIផលិតបានត្រូវមានការផ្ទៀងផ្ទាត់ឱ្យបានល្អិតល្អន់ច្បាស់លាស់ជាមុនសិន មុននឹងយកទៅ ផ្សព្វផ្សាយជាសាធារណៈ ។

នាឱកាសធ្វើជាវាគ្មិន ក្នុងវគ្គបំពាក់បំប៉នស្ដីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់អ្នកសារព័ត៌មាន និងមន្ត្រីជំនាញជាង៦០នាក់ មកពីមន្ទីរព័ត៌មានខេត្តព្រៃវែង, កណ្តាល, ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង នាព្រឹកថ្ងៃ៧ តុលា លោកបានគូសបញ្ជាក់អំពីមុខងារបច្ចេកវិទ្យាAIថា ជាជំនួយការរបស់មនុស្សលើការងារច្រើនប្រភេទ ក្នុងនោះអាចជួយសរសេរ អានអត្ថបទ បកប្រែភាសា ស្រាវជ្រាវ ផលិតរូបភាពសម្រាប់ការងារផ្សព្វផ្សាយមួយមួយចំនួន ព្រមទាំងមុខងារផ្សេងទៀត ដែលមនុស្សអាចប្រើប្រាស់វា ដើម្បីសម្រួលការងារប្រចាំថ្ងៃ។

លោកថា “ក្នុងបរិបទ រីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន ជាពិសេសបច្ចេកវិទ្យា AI កំពុងរីកចម្រើនហើយពិភពលោកមើលឃើញថា អាចបម្រើដល់ផល ប្រយោជន៍មនុស្ស ។ ដូច្នេះខ្ញុំសូមលើកទឹកចិត្តដល់មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ឱ្យបន្តស្វែងយល់ឱ្យស៊ីជម្រៅ បានច្បាស់ពីមុខងារ បច្ចេកវិទ្យា AI ក្នុងការងារប្រចាំថ្ងៃ និងអនុវត្តន៍ ឱ្យបានច្រើន ដើម្បីយកប្រយោជន៍ពីAIនេះ ជាជំនួយដល់ការគាំទ្រ ការងារប្រចាំថ្ងៃក្នុង ក្របខណ្ឌគ្រប់គ្រងព័ត៌មាន និងការងារសាធារណមតិ និងជាពិសេសការងារ ប្រយុទ្ធប្រឆាំងការសាយភាយព័ត៌មានក្លែងក្លាយ”។
លោកថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក៏បានជះឥទ្ធិពលជាអវិជ្ជមានដោយសារតែការប្រើប្រាស់នេះ ខុសគោលដៅ និងក្នុងចេតនាទុច្ចរិត ។

លោកលើកឡើងថា ក្នុងកំឡុងពេលមានបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ក្រុមជ្រុលនិយមបានប្រើប្រាស់ AI ដើម្បីផលិតព័ត៌មានក្លែងក្លាយជាច្រើន ក្នុងគោលបំណងបង្កភាពវឹកវរ ភាពច្របូកច្របល់ ក្នុងសាធារណមតិ មួលបង្កាច់ និងបង្ខូចកេរ្តិ៍កម្ពុជាក្នុងបញ្ហាជម្លោះព្រំដែន ។
សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (AI) គឺសំដៅទៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានបង្កើតឡើងដើម្បីត្រាប់តាមសមត្ថភាព និងសកម្មភាព នៃប្រាជ្ញារបស់មនុស្ស ។ ម៉្យាងវិញទៀត AI គឺជាបច្ចេកវិទ្យា ដែលធ្វើឱ្យម៉ាស៊ីនមានសមត្ថភាព អាចរៀនតាមរយៈការបញ្ចូលទិន្នន័យ ដើម្បីឱ្យវាអាចសិក្សានិងប្រើប្រាស់ តាមលំនាំនៃទិន្នន័យទាំងអស់នោះ ៕

To Top