នាយករដ្ឋមន្រ្តីថៃថា ប្រសិនអាមេរិកអាចបញ្ចុះបញ្ចូលកម្ពុជាឱ្យអនុវត្តតាមការចង់បានរបស់ថៃ នោះថៃនឹងព្រមបន្តការចរចា

បរទេស៖ លោក Anutin នាយករដ្ឋមន្រ្តីថៃ បានពិនិត្យសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការសម្រុះសម្រួលជម្លោះថៃ-កម្ពុជា ដោយនិយាយថា ប្រសិនបើអ្នកពីចម្ងាយ (អាមេរិក) អាចបញ្ចុះបញ្ចូលពួកគេ (កម្ពុជា) ឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ នោះប្រទេសថៃត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា។
លោកថា ប៉ុន្តែភាគីជាប់កិច្ចសន្យាត្រូវតែគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើ។ ប្រទេសថៃគឺជាភាគីដែលត្រូវបានឈ្លានពាន និងវាយប្រហារមុនគេ ដែលប្រទេសថៃបានបញ្ជាក់យ៉ាងច្បាស់។ ប្រសិនបើយើងចង់ចរចា កិច្ចព្រមព្រៀងជាមូលដ្ឋាននោះ គឺត្រូវតែអនុវត្តតាម៖ ការដកកងកម្លាំង និងអាវុធ ការដកអ្នកដែលបានទន្ទ្រានហួសពីដែនអធិបតេយ្យភាពរបស់ប្រទេសថៃ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថាលោក លោក Anutin បន្តថា បើគ្រប់លក្ខខណ្ឌត្រូវបានបំពេញ ថៃត្រៀមចរចា ព្រោះ«ផ្ទះយើងនៅជាប់គ្នា»។ ចំណែកអ្នកសម្រុះសម្រួលវិញ «ពួកគេនៅឆ្ងាយនៅទ្វីបមួយទៀត ប៉ុន្តែប្រសិនបើពួកគេ (អាមេរិក) អាចបញ្ចុះបញ្ចូលកម្ពុជាឲ្យគោរពតាមកិច្ចព្រមព្រៀងទាំងនេះ ហើយធានាថាថៃនឹងមិនត្រូវបានឈ្លានពានទេ នោះថៃនឹងបន្តការចរចា»៕
ប្រែសម្រួលៈ ណៃ តុលា
