កម្ពុជា ពង្រឹងវិស័យម្ហូបអាហារ និងជលផល តាមរយៈ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍ជលផល ក្រោយប្រមូលផល (CAPFISH) បានឈានដល់ដំណាក់កាលបញ្ចប់ ដោយសម្រេចបាន នូវសមិទ្ធផលជាច្រើន សម្រាប់វិស័យម្ហូបអាហារ និងជលផល តាមរយៈនវានុវត្តន៍ ការស្រាវជ្រាវ និងភាពជាដៃគូចម្រុះវិស័យ។
នៅក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោង នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ តំណាងស្ថាប័ននៃរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសាកលវិទ្យាល័យ បានពិនិត្យសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាន និងពិភាក្សាអំពីយុទ្ធសាស្ត្រនិរន្តរភាពរបស់គម្រោង។
លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះបានកសាង មូលដ្ឋានគ្រឹះ សម្រាប់របៀបវារៈជាតិស្តីពីការស្រាវជ្រាវអនុវត្ត (applied research) កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា ការអនុវត្តម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញ (GI) និងសន្ទស្សន៍នវានុវត្តន៍ ដើម្បីពង្រឹងឧស្សាហកម្មម្ហូបអាហារ និងផលិតផលជលផលរបស់កម្ពុជា។
លោក បានសង្កត់ធ្ងន់ថា «នវានុវត្តន៍ ការស្រាវជ្រាវ និង អភិវឌ្ឍន៍ គឺជាឧបករណ៍ដ៏មានឥទ្ធិពល សម្រាប់កសាងឧស្សាហកម្ម ម្ហូបអាហារប្រកបដោយនិរន្តរភាព ហើយបទពិសោធ នៃគម្រោង CAPFISH នឹងជួយពង្រឹងយុទ្ធសាស្ត្ររបស់យើងសម្រាប់ពេលអនាគត»។
បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាព នៃរដ្ឋបាលជលផល បានលើកឡើងថា សមិទ្ធផលទាំងនេះ បង្កើតបានជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការប្រកួតប្រជែងរយៈពេលវែងក្នុងវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា ។
ជាមួយគ្នានោះ បណ្ឌិត Thombathu Seetharama Shetty ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៃអង្គការ UNIDO ក៏បានរំលេចដែរថា ថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍ម្ហូបអាហារ បានផ្សារភ្ជាប់ការស្រាវជ្រាវ ជាមួយនឹងតម្រូវការក្នុងឧស្សាហកម្ម ដោយប្រែក្លាយលទ្ធផល វិទ្យាសាស្ត្រឱ្យទៅជានវានុវត្តន៍ ជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែង នៅលើឆាកអន្តរជាតិ។
គម្រោង CAPFISH-Capture បានទទួលមូលនិធិពីសហភាពអឺរ៉ុប ដែលអនុវត្តដោយរដ្ឋបាលជលផល ក្រោមការគាំទ្របច្ចេកទេសពីអង្គការ UNIDO។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥ ហើយសមិទ្ធផល របស់គម្រោងត្រូវបានរំពឹងថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ បង្កើនភាពធន់ និងភាពប្រកួតប្រជែង នៃវិស័យកសិ-អាហារ និងជលផលរបស់កម្ពុជា ។
