ព័ត៌មានជាតិ

សហជីពនៅកម្ពុជា ៖ អនុសាសន៍ របស់សង្គមស៊ីវិលមួយចំនួន លើរឿងពលករមកពីថៃ គឺគ្រាន់តែជាការស្រែក​ឱ្យតែឮ ព្រោះរដ្ឋាភិបាល បានធ្វើរួចរាល់អស់ហើយ និងស្នើឱ្យសង្គមស៊ីវិល ផ្សព្វផ្សាយ១២៩៧ បើចង់ជួយពលករ​មែននោះ

ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានមើលឃើញថា សេចក្តីថ្លែងការ របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលនិយាយពីពលករ គឺគ្រាន់តែជាការស្រែកឱ្យតែឮ ព្រោះរដ្ឋាភិបាលបានធ្វើរួចរាល់អស់ហើយ ក្នុងការជួយរកការងារធ្វើ និងការផ្តល់ការគាំពារ ដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ហើយសង្កត់ធ្ងន់ថា ប្រសិនបើសង្គមស៊ីវិល ពិតជាចង់ជួយពលករមកពីប្រទេសថៃមែននោះ គឺគួរណាស់ចូលរួមផ្សព្វផ្សាយពីយន្តការ រកការងារធ្វើរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ ដែលមានដូចជាប្រព័ន្ធ HOTLINE ១២៩៧វិញ ទើបជាការជួយពិតប្រាកដ ។

លោក សំ សឿន ប្រធានសហភាព ពលកម្មជាតិកម្ពុជា បានអះអាងថា សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិល ហាក់ដូចជាមិនបានមើលឃើញអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការជួយដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

លោកសង្កត់ធ្ងន់ថា៖“ខ្ញុំបានមើលឃើញថា កិច្ចការទាំងអស់នេះត្រូវបានក្រសួងការងារ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ពលករមកពីប្រទេសថៃ ឱ្យទទួលបានការងារជាង៣០ម៉ឺននាក់ ។ ដូចនេះ សេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល គឺគ្រាន់តែជាការបង្កើតសាច់រឿង និងបង្កើតឱ្យមានការផ្សព្វផ្សាយ ក្នុងចេតនាទម្លាក់បញ្ហាមកក្រសួង និងរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ ហើយរដ្ឋាភិបាលក៏កំពុងបន្តធ្វើយ៉ាងស្វាហាប់បន្ថែម” ។

លោកថា ប្រសិនបើសង្គមស៊ីវិល ពិតជាចង់បង្ហាញពីសមានចិត្តជួយសង្គមជាតិ ឬពលករដោយពិតប្រាកដនោះ គួរណាតែជួយផ្សព្វផ្សាយ និងជួយពន្យល់ដល់ពលករអំពីលេខ Call Center ១២៩៧ របស់ក្រសួងដែលកំពុងរង់ចាំជួយពលករវិញទើបជាការជួយពិតប្រាកដ។

ជាមួយគ្នានេះ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានមើលឃើញដូចគ្នាថា សេចក្តីថ្លែងការណ៍ របស់សង្គមស៊ីវិលគឺ ជាអ្វីដែលរាជរដ្ឋាភិបាល បានធ្វើរួចហើយប្រកបដោយផ្លែផ្កា និងមានប្រសិទ្ធភាពផងដែរក្នុងការជួយបងប្អូន ពលករដែលទើបមកពីប្រទេសថៃ។

លោក គឹម ចាន់សំណាង សង្កត់ធ្ងន់ថា ៖ “ប្រសិនបើចង់ជួយដល់ពលករពិតប្រាកដមែននោះគឺត្រូវជួយផ្សព្វផ្សាយ Call Center ១២៩៧ សម្រាប់ប្រជាពលករ និងពលរដ្ឋស្វែង រកការងារ ហើយសង្ឃឹមថា សង្គមស៊ីវិលគួរពិចារណាវិធីសាស្ត្រ ក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីជួយពលករវិញប្រសើរជាង”។

សូមបញ្ជាក់ថា ការប្រតិកម្មរបស់ក្រុមសហជីព នៅកម្ពុជានេះ គឺធ្វើឡើងក្រោយពេលសង្គមស៊ីវិល ចំនួន១៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍ ដោយផ្តល់អនុសាសន៍ចំនួន៥ ចំណុចមកកាន់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយពលករដែលទើបមកពីប្រទេសថៃ ខណៈដែលសង្គមស៊ីវិលហ៊ានអះអាងថា អនុសាសន៍ទាំងនោះ គឺជាអនុសាសន៍ស្រមោល ហើយជាអ្វី ដែលរាជរដ្ឋាភិបាលបានធ្វើរួចរាល់អស់ ហើយ ដើម្បីជួយពលករ៕

To Top