សម្ដេចធិបតី ប្រាប់ នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក ថា ជំហរកម្ពុជា ដោះស្រាយបញ្ហា ព្រំដែនជាមួយថៃ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក ថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ លោក រ៉ូសឺវែល ស្កឺរីត (Roosevelt Skerrit) នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ។

ជាកិច្ចចាប់ផ្តើម សម្តេចបវរធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងារនេះថា ជាកាលានុវត្តភាពដ៏សំខាន់ ដើម្បីពង្រឹង និង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ។ សម្តេចបវរធិបតីបានបន្ថែមថា ឆ្នាំនេះគឺជាខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, លោក នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង ចក្ខុវិស័យ របស់សម្តេចបវរធិបតី ប្រទេសកម្ពុជា នឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន និងវិបុលភាព បន្ថែមទៀត ។

ជាមួយគ្នានេះ, លោក បានបង្ហាញការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីដ៏ល្អ និងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការនឹងកាន់តែរីកចម្រើន និងស៊ីជម្រៅ ថែមទៀត។

ប្រមុខរដ្ឋាភិបាលទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នាថ្ងៃនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែងលើវិស័យសក្តានុពល ដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាព និងលើកទឹកចិត្តក្រសួង ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេស តាមរយៈយន្តការពិគ្រោះយោបល់នេះ។

ប្រមុខទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ឆ្លៀតក្នុងឱកាសនោះ, សម្តេចបវរធិបតី បានជម្រាបជូន លោកនាយករដ្ឋមន្ត្រី អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និង សន្ធិសញ្ញាដែលស្រាប់ និងច្បាប់អន្តរជាតិ។ លោក នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក បានយល់ច្បាស់ពីបញ្ហានេះ និងគាំទ្រ ចំពោះការដោះស្រាយបញ្ហាព្រំដែន នេះដោយសន្តិវិធី។

បន្ទាប់ពីកិច្ចពិភាក្សា ប្រកបដោយផ្លែផ្កា ថ្នាក់ដឹកនាំទាំងពីរ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ច ពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ» ដែលយន្តការនេះ នឹងប្រព្រឹត្តទៅរៀងរាល់ពីរឆ្នាំម្តង និងផ្តោតលើប្រធានបទ៖ (១) នយោបាយ ការទូត កុងស៊ុល និងសន្តិសុខ, (២) សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, និង (៣) វប្បធម៌ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ៕
