ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថានផ្ដល់ អនុសាសន៍គន្លឹះ​ ដល់សិស្សជ័យលាភី ប្រឡងសញ្ញាបត្រទុតិយភូមិ ឆ្នាំសិក្សា២០២៥ ឱ្យក្លាយជាសិស្សពូកែ

ត្បូងឃ្មុំ ៖ សិស្សពូកែ មិនមែនពូកែរៀននោះទេ តែគឺត្រូវមានតិចនិក និងវិធីសាស្រ្ត ក្នុងការរៀនសូត្រឱ្យពូកែឈានមុខគេ តាមរយៈការរៀនត្រៀមជាមុន»។ នេះជាប្រសាសន៍ផ្ដាំផ្ញើរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាឱកាសជួប សំណេះសំណាលជាមួយសិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្នុងស្នាក់ការទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក រដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងបាននាំមកនូវអំណោយលើកទឹកចិត្ត ជូនដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A សិស្សានុសិស្សជ័យលាភី ប្រធាន/អនុប្រធានការិយាល័យអប់រំស្រុក នាយក/នាយករងវិទ្យាល័យទូទាំងស្រុកអូររាំងឳ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត តែងយកចិត្តទុកដាក់ខ្ពស់ ចំពោះការកសាងសមត្ថភាពយុវជនជំនាន់របស់កម្ពុជាឱ្យមានចំណេះដឹង តាមរយៈការផ្តល់ការអប់រំស្មើគ្នា និងបានលើកទឹកចិត្តដល់យុវជនយ៉ាងហោចណាស់ក៏មានជំនាញអាជីព១សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃដែរ។

ជាមួយនឹងការយកចិត្តទុកដាក់នេះ លោក រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានបញ្ជៀបបន្ថែម នូវសារអប់រំដ៏មានសារៈសំខាន់ គឺការទុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីជាអ្នកកត់ត្រាផ្ទាល់របស់សម្តេចតេជោ លោក ហ៊ានអះអាងដោយជំនឿជាក់ថា សម័យតេជោ-ធិបតី គឺមិនអនុញ្ញាតឱ្យប្រទេសដទៃណាមួយ មកឈ្លានពានទឹកដីកម្ពុជា បានសូម្បី១មីលីម៉ែត្រ។ ទន្ទឹមនេះ ការដោះស្រាយគឺមានយុទ្ធវិធី អត់ធ្មត់ ទន់ភ្លន់ ភាពបត់បែនខ្ពស់ និងមិនបំពានលើកិច្ចព្រមព្រៀងតំបន់ឡើយ ដូចនេះ យើងទាំងអស់គ្នាត្រូវតែអត់ធ្មត់ និងរ់ចាំលទ្ធផល និងដំណោះស្រាយដ៏ល្អ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដោយកាត់បន្ថយឱ្យបាននូវកម្រិតហានិភ័យកម្ពុជាទាបបំផុត។

លើសពីនេះ លោក រដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស B C D និង E ឱ្យខិតបន្តទៀត ថ្វីបើគ្រប់គ្នាបានខិតខំប្រឹងប្រែង ដើម្បីទទួលបាននិទ្ទេស A តែយ៉ាងណាសូមកុំភ្លេចថា បរាជ័យគឺជាឱកាស ក្នុងនោះវាបានបង្ហាញ នូវផ្លូវដ៏មានសក្តានុពលចំនួន ៣ គឺឆ្វេង ស្តាំ និងកណ្តាល ដូចនេះការខិតខំប្រឹងប្រែង ប្រកបដោយភាពស្អាតក្នុងខ្លួន ដែលជាផ្នត់គំនិតក្នុងចិត្តម្នាក់ៗ និងផ្នែកខាងក្រៅដែលជាឥរិយាបថ ស្តែងចេញឱ្យអ្នកផងទាំងពួងឃើញ គឺជាគុណតម្លៃរបស់យើងម្នាក់ៗ ដែលជាធនធានល្អសម្រាប់ជាតិ។

សូមជម្រាបជូនថា សិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ នៅទូទាំងស្រុកអូររាំងឳ ស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំសរុបមានចំនួន ២ ៣១២នាក់ ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ៥២នាក់ សិស្សដែលទទួលបាននិទ្ទេស B ចំនួន ១៧៦នាក់ សិស្សនិទ្ទេស C ចំនួន ៥៨៣នាក់ Dចំនួន ៨៩៦នាក់ និង E មានចំនួន ៦០៥នាក់ រួមទាំងប្រធាន អនុប្រធានការិយាល័យស្រុក នាយក នាយករងវិទ្យាល័យក្នុងស្រុកទាំង៣ចំនួន ៦៣នាក់៕

To Top