ក្រសួងមហាផ្ទៃ ៖ កំណើនជនជាប់ឃុំ ធ្វើឲ្យតម្រូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើង ខណៈមានជនជាប់ឃុំជិត ៦ម៉ឺននាក់
ភ្នំពេញ ៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានលើកឡើងថា កំណើនជនជាប់ឃុំនៅប្រទេស ធ្វើឲ្យតម្រូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើង រួមទាំង សេវាសុខាភិបាល ឧបករណ៍សម្ភារពេទ្យ ឱសថ និងមន្ត្រីពេទ្យពន្ធនាគារជាដើម។

ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ជំនួយសម្ភារចាំបាច់មួយចំនួន ជូនដល់អគ្គនាយកដ្ឋានពន្ធនាគារពីលោក គី ប៊ុនណាល់ មន្ត្រីកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ ជាតំណាងការិយាល័យសហប្រជាជាតិដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានឲ្យដឹងទៀតថា បញ្ហាភាពចង្អៀតណែន បង្កហានិភ័យអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសុខភាពជនជាប់ឃុំ។

ទន្ទឹមនឹងនេះ លោក អគ្គនាយក បានលើកឡើងថា អំណោយទាំងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ដល់តម្រូវការពិត ប្រាកដរបស់ជនជាប់ឃុំ និងស្តែងពីការពង្រឹងកិច្ចសហការជិតស្និទ្ធរវាងអគ្គនាយកដ្ឋានពន្ធនាគារ និងUNODC។ ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះ អង្គការ UNODC បានផ្តល់សម្ភារមួយចំនួន ដល់ជនជាប់ ឃុំប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសសម្រាប់ជនជាប់ឃុំជាស្ត្រី ។
នាឱកាសនោះដែរ លោក គី ប៊ុនណាល់ មន្ត្រីកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ ជាតំណាងការិយាល័យ សហប្រជាជាតិ ដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានថ្លែងថា នាពេលកន្លងមក UNODC តែងតែចូលរួមជួយឧបត្ថម្ភ គាំទ្រដល់ការរៀបចំវគ្គបណ្ដុះបណ្ដាល និង បើកវគ្គសិក្ខាសាលាមួយចំនួន សម្រាប់អភិវឌ្ឍន៍សមត្ថភាព មន្ត្រីលើវិស័យពន្ធនាគារ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ចំនួនជនជាប់ឃុំ សរុប ៥៩.៩១២នាក់ ស្ត្រី៣.៧៦៣នាក់ ក្នុងនោះ អនីតិជន ៣.៨១៣នាក់ (ស្រី១៦០នាក់), កូនតាមម្តាយ ១៣២នាក់ (កុមារី៦៦នាក់), ស្ត្រីមានផ្ទៃពោះ ៤៧នាក់៕
