លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ វេទិកាលើកទី១០ នៃក្រុមបញ្ញាញាណជាន់ខ្ពស់ ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ បង្កើនការផ្សព្វផ្សាយ កាន់តែទូលំទូលាយ ពីគំនិតផ្តួចផ្តើម អភិបាលកិច្ចសកល

(គុនមីង) ៖ រយៈពេល៣ថ្ងៃ នៃជំនួបរវាងក្រុមបញ្ញាញាណជាន់ខ្ពស់ ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ សរុបចំនួន១៧ប្រទេស បានមកចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក នៅក្នុងវេទិកាលើកទី១០នៃក្រុមបញ្ញាញាណជាន់ខ្ពស់ពីអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ ដែលបានរៀបចំឡើង ដោយបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមខេត្តយូណាន ប្រទេសចិន ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ថ្លែងទៅកាន់អង្គវេទិកាដែលមានអ្នកចូលរួមសរុបចំនួន២០០នាក់ ដោយអញ្ជើញមកពីបណ្ឌិតសភាវិទ្យាសាស្រ្តសង្គម ក្រុមអ្នកសារព័ត៌មាន ក្រុមអ្នកនិពន្ធ ក្រុមសង្គមស៊ីវិល ក្រុមបញ្ញវន្ត ក្រុមនិស្សិត និងក្រុមអ្នកវិភាគ ព្រឹត្តិការណ៍សង្គម លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទ នៃកិច្ចកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយលោកបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមបញ្ញាញាណជាន់ខ្ពស់ នៃប្រទេសយើងទាំងពីរ ក្នុងការអនុវត្តគម្រោង សិក្សាស្រាវជ្រាវជាច្រើនបម្រើ ដល់ផលប្រយោជន៍ប្រជាជន នៃប្រទេសយើងទាំងពីរ។ ជាមួយស្ថាប័នស្រាវជ្រាវជាច្រើនរបស់ប្រទេសចិន លោកបណ្ឌិតក៏បានរំលេច ពីការអនុវត្តគម្រោងស្រាវជ្រាវ គម្រោងបកប្រែ និងគម្រោងវេទិកាវិទ្យាសាស្រ្តចំហជាង៣០០លើក របស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិនជូនដល់អង្គវេទិកានេះផងដែរ។

លោកបណ្ឌិត ក៏បានបង្ហាញ នូវចំណាប់ អារម្មណ៍ពីការសិក្សាស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងការរៀបចំនូវបទបាឋកថា កន្លងមករបស់សមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពស្តីពីការយល់ដឹង កាន់តែទូលំទូលាយពីគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយលោកបណ្ឌិត បានពន្យល់ថា «គំនិតផ្តួចផ្តើមអភិបាល កិច្ចសកល» បានបង្ហាញពីវឌ្ឍនភាព នៃការរីកចម្រើនរបស់ប្រទេសនានា តាមមាគ៌ាអភិវឌ្ឍរៀងៗខ្លួន ដោយទទួលបានកាលានុវត្តភាព ពីប្រទេសចិនក្នុងនាមជា អង្គភាព សេដ្ឋកិច្ចធំទីពីរលើពិភពលោក។ ប្រាជ្ញាចិននេះបានផ្តួចផ្តើម ឱ្យសម្រេចបាននូវការបង្កើន សម្លេងពហុប៉ូលភាវូបនីយកម្មប្រកបដោយសមភាព និង ពោរពេញដោយរបៀបរៀបរយ ក្នុងចរន្តនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ ជាទូទៅនិងប្រកបដោយបរិយាបន្ន។

គួរបញ្ជាក់ផងដែរថា បន្ថែមពីលើបទបង្ហាញ នៅក្នុងវេទិកាក្រុងគុនមីង លោកបណ្ឌិត ជា មុនីឫទ្ធិ បានរៀបចំបាឋកថា ចំនួន២លើកនៅកម្ពុជា ស្តីពី«គំនិតផ្តួចផ្តើមអភិបាល កិច្ចសកល» ហើយបណ្តាញសារព័ត៌មានជាច្រើន បានចែករំលែកនិងផ្សាយអត្ថបទ ជាច្រើនរបស់លោកបណ្ឌិត ស្តីពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ផងដែរ៕
