សម្តេចធិបតី និងលោកជំទាវ អញ្ចើញសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីញបើកសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅខេត្តកណ្តាល។

អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនគ្រាន់តែជាច្រកទ្វារមួយ ទៅកាន់ពិភពលោកនោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ និងសម្តេចធិបតី។

គួរឱ្យដឹងថា ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួលសិទ្ធិពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេ ដែលបច្ចុប្បន្នមានឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport (TIA) ដែលប្រសិទ្ធនាម ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ការវិនិយោគសាងសង់ TIA (ដំណាក់កាលទី 1) មានចំនួន ២៣០០លានដុល្លារអាមេរិក ដោយរួមបញ្ចូលចំណាយសាងសង់ស្ថានីយ៍ អ្នកដំណើរ ស្ថានីយ៍ អ្នកដំណើរពិសេស (VVIP Terminal) ទីលាន ចុះចតយន្តហោះ អគារ និងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ប្រតិបត្តិការអាកាសយានដ្ឋាន រួមមានផ្លូវ ស្ពានអាកាស ឃ្លាំងទំនិញ រួមទាំងការចំណាយ ហិរញ្ញប្បទាន និងចំណាយសម្រាប់ការផ្ទេរ ប្រតិបត្តិការ ពី អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មក TIA។ ដោយទុនវិនិយោគទុនផ្ទាល់ របស់ក្រុមហ៊ុន OCIC និងការចូលរួមទុន តាមរយៈ មូលបត្របំណុល ពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក។

អាកាសយានដ្ឋានអន្តរជាតិស្តង់ដារកម្រិត4Fនេះ ត្រូវបានគ្រប់គ្រង និងសាងសង់ទាំងមូល ដោយ ក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ រួមមានបី ដំណាក់កាល ដោយដំណាក់ កាល ទី១ មានសមត្ថភាព អាចទទួលអ្នកដំណើរបាន ១៣លាននាក់ក្នុងមួយឆ្នាំ ។ ដំណាក់កាលទី២ អាច ទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាល ទី3 អាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុងមួយឆ្នាំ៕
ដោយ៖ ដារាត់| ដើមអម្ពិល



















