សម្តេចធិបតី៖ ខ្មែរត្រូវរួមគ្នា ពង្រឹងលើគ្រប់វិស័យ

កណ្តាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខ្មែរយើងត្រូវរួមគ្នា ពង្រឹងលើគ្រប់វិស័យ បើមិនចង់ឱ្យប្រណាមួយមកប្រមាថ និងមើលងាយខ្មែរ ។
ក្នុងឱកាស អញ្ជើញជាធិបតី សម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី លើកឡើងថា ទោះបីជាកម្ពុជា មានការរីកចម្រើនមកដល់ម៉ោងនេះ ពេលនេះក៏នៅមានបញ្ហា មួយចំនួនដែលត្រូវដោះស្រាយ ខណៈដែលសម្តេច យល់ឃើញថា គ្មានប្រទេសណាគ្មានបញ្ហាទេ ។
បន្ថែកលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ យើងទទួលបានការឈឺចាប់ និងប៉ះពាល់សន្តិអារម្មណ៍ នៅពេលកន្លែងខ្លះ អ្នកខ្លះគេមើលងាយយើង ទាំងការបង្អាបទាំងអ្វីផ្សេងៗ តែយ៉ាងណាសម្តេចធិបតី ផ្តាំថាកុំព្រួយបារម្ភ កន្លែងណាមិនយុត្តិធម៌យើងត្រូវចេញទៅទប់ និងផ្សព្វផ្សាយអំពើល្អ និងការពារយុត្តិធម៌កិត្តិយសជាតិរបស់យើង ។
ក្នុងនោះ សម្តេចធិបតី មានប្រសាសន៍ថា “អ្វីដែលសំខាន់ គឺត្រូវរួមគ្នា ពង្រឹងជាតិរបស់យើង ខ្មែរត្រូវរួមគ្នា ដើម្បីពង្រឹងជាតិរបស់យើង គ្រប់វិស័យនេះគឺត្រូវតែធ្វើ” ។
បន្ថែមលើនេះ សម្តេចធិបតី បានឱ្យគ្រប់បណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាពផលិតផ្ទៃក្នុងរបស់យើង ។ត្រូវពង្រឹងសមត្ថភាព ធានាគុណភាព នូវផលិតផលជាច្រើន ដើម្បីដោះស្រាយនូវទីផ្សាផ្ទៃក្នុង ជាជាងការនាំចូល ។
សម្តេចធិបតី បានគូសបញ្ជាក់ថា ត្រូវពង្រឹងខ្លួនឯង ត្រូវពង្រឹងសមត្ថភាពជាតិរបស់យើង ត្រូវរួមគ្នា វាទាមទារឱ្យគ្រប់វិសយ មិនថារដ្ឋ ឬឯកជន ចូលរួម៕
ដោយ៖ ដារាត់| ដើមអម្ពិល
