ព័ត៌មានជាតិ

គណៈរដ្ឋមន្ត្រី សម្រេចអនុម័ត សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ “សេចក្ដីព្រាងច្បាប់ ស្ដីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម” ។ នេះបើយោងតាមបណ្ដាញ សង្គមហ្វេសប៊ុក លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ។

សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការ សម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើង ដោយផ្អែកលើ ច្បាប់ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្នាំ២០១៣ជាគោល ព្រមទាំងបញ្ចូល យុទ្ធសាស្ត្រជាតិស្ដីពី ការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍ តាមស្ដង់ដារ ឆ្នាំ២០១២ របស់ FATF ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

ច្បាប់នេះមានគោលបំណង ធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។ ច្បាប់នេះមានវិសាលភាពអនុវត្ត ចំពោះរាល់សកម្មភាព សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ ដោយ៖ ខា ដា

To Top