បណ្ឌិត ជា មុនីឫទ្ធិ ៖ វប្បធម៌Hehe បង្កើនការអភិវឌ្ឍភាព សុខដុមរមនា និង សន្តិភាពជាសកល

ភ្នំពេញ ៖ នៅអគ្គលេខាធិការ ដ្ឋានព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថ្លែងទៅកាន់អង្គ បាឋកថាស្តីពី «គំនិតផ្តួចផ្តើមអរិយធម៌សកល ៖ វប្បធម៌Hehe (和合文化)» ដែលមានសមាសភាពសរុប៥០រូប អញ្ជើញមកពីមន្ត្រី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវ ក្រុមអ្នកវិភាគសង្គម និងក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែងថាវប្បធម៌ Hehe ដែលជារួមបញ្ចូល នូវទស្សនវិជ្ជា វប្បធម៌ និងប្រព័ន្ធសាសនាចិនតាំងពីបុរាណរៀងមក ដោយប្រកាន់ខ្ជាប់នូវ «សន្តិភាព និង សមាហរណកម្ម»។ វប្បធម៌នេះ បង្កើនការអភិវឌ្ឍភាព សុខដុមរមនា និង សន្តិភាពជាសកល ព្រមទាំងបានលើកស្ទួយ ឱ្យមនុស្សជាតិរស់នៅ ក្នុងសង្គមដោយការ យោគយល់គ្នា ការគោរព ភាពខុសគ្នា និងការរួបរួមសហការ ដើម្បីបង្កើនកិច្ចអភិវឌ្ឍ ជីវភាពតាមយុគ សម័យ ។

លោកបណ្ឌិត បានផ្តល់ទឡ្ហីករណ៍បន្ថែមថា វប្បធម៌ Hehe មិនត្រឹមតែជាមរតកវប្បធម៌ បុរាណរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាគុណតម្លៃសកលដែលមនុស្សជាតិអាចអនុវត្តបានគ្រប់ទីកន្លែង ហើយសម្រាប់ប្រទេសកម្ពុជា វប្បធម៌នេះមានភាព ស្រដៀងនឹងគុណធម៌ខ្មែរដូចជា «សាមគ្គីភាព អត់ឱន មេត្តា និងករុណា» ដែលជាគន្លងដ៏ សមស្រប សម្រាប់ការរីកចម្រើនរបស់សង្គម និងការរស់នៅក្នុងសន្តិភាព ជាមួយបណ្តាប្រទេសទាំងអស់ក្នុងសកលលោក ។

លោកបណ្ឌិតបានឯកភាពតាមប្រសាសន៍របស់លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANDប្រចាំកម្ពុជា និងលោក Fan Daqi អនុប្រធានវិទ្យាស្ថានចិន សម្រាប់ការស្រាវជ្រាវសហសម័យពិភពលោក ដែលលោកទាំងពីរ បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយវប្បធម៌ Hehe ក៏ត្រូវបានគេចាត់ទុកថា ជាវិធីមួយក្នុងការចូលរួមអនុវត្តគោលបំណង «សហការវប្បធម៌សម្រាប់សន្តិភាព» ដែលទាក់ទង ទៅនឹងគំនិត «កិច្ចកសាងសហគមន៍ ដែលមានជោគវាសនារួម នៃមនុស្សជាតិ» ផងដែរ។

គួរបញ្ជាក់ថា វប្បធម៌’和合’ មានន័យជាខេមភាសាថា វប្បធម៌ដែលលើកទឹកចិត្ត ដល់មនុស្សជាតិរួមរស់ ដោយសន្តិភាព និងកិច្ចសហការ ល្អជាមួយគ្នា ហើយការរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល៖ វប្បធម៌Hehe (和合文化)»ដែលបានសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិចិនPEACELAND បានទទួលការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ។ ខ្លឹមសារនៃអង្គបាឋកថា នេះថាជាជាវេទិកាសំខាន់ក្នុងគោលបំណងចម្បងក្នុងការផ្សព្វផ្សាយនិងបណ្តុះស្មារតីសន្តិភាព សាមគ្គីភាព និងការយោគយល់គ្នា រវាងប្រជាជនកម្ពុជា និងប្រជាជនចិន តាមរយៈគុណតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅ នៃប្រាជ្ញាចិនដោយផ្តោតលើសន្តិភាព សាមគ្គីភាព ភាតរភាព និងមិត្តភាព៕



