លោក Netanyahu ត្រៀមផែនការក្នុងការស្វែង រកការដឹកនាំ មួយអាណត្តិទៀត

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្នុងនាមជានាយករដ្ឋមន្ត្រីដែលកាន់អំណាចយូរបំផុតរបស់អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកនឹងស្វែងរកការដឹកនាំមួយអាណត្តិទៀត នៅក្នុងការបោះឆ្នោត សភាខែវិច្ឆិកា ឆ្នាំ ២០២៦ខាងមុខ។
គេមើលឃើញថាអាណត្តិថ្មីរបស់លោក Netanyahu ត្រូវបានកំណត់ដោយកំណែទម្រង់ ប្រព័ន្ធតុលាការដ៏ចម្រូង ចម្រាសរបស់គាត់ បូករួមទាំងវិបត្តិចំណាប់ខ្មាំង ក្រុមហាម៉ាស់ និងសង្រ្គាមនៅហ្គាហ្សា ដែលជាបញ្ហាដែលគាត់ ទទួលបានទាំងការរិះគន់ និងការសរសើរ ខ្លាំងស្របពេលគ្នា។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍លេខ១៤របស់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកមានបំណងស្វែង រកអាណត្តិមួយទៀត ដោយបន្ថែមថា លោករំពឹងថា នឹងឈ្នះឆ្នោតលើកនេះ។
មេដឹកនាំផ្តាច់ការនៃគណបក្សស្តាំនិយម Likud រូបនេះបានបម្រើការជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៩ និងឆ្នាំ២០០៩ ដល់ឆ្នាំ ២០២១។ គាត់បានត្រលប់មកកាន់តំណែងនៅខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីការដួលរលំនៃសម្ព័ន្ធ ដែលកំពុងកាន់អំណាច។
គួរឲ្យដឹងដែរថាលោក Netanyahu បានអះអាងថា គាត់គឺជា មនុស្សតែម្នាក់គត់ដែលអាចរក្សា សុវត្ថិភាពអ៊ីស្រាអែល ហើយបានអួតអំពីទំនាក់ទំនង ជិតស្និទ្ធរបស់គាត់ជាមួយប្រធានាធិបតីអាមេរិក Donald Trump ។ លោកក៏បានបង្ហាញនូវការប្រកាន់ជំហរដ៏រឹងរូសលើក្រុមហាម៉ាស និងបានផ្តួចផ្តើមសង្រ្គាម ផ្លូវអាកាសរយៈពេល ១២ ថ្ងៃជាមួយអ៊ីរ៉ង់ក្នុងខែមិថុនាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
