សហគមន៍អន្តរជាតិ ផ្តោតក្រសែចក្ខុ លើកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០

កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ នឹងប្រារព្ធឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សា ជាសំខាន់អំពី«សំណើស្តីពីការតាក់តែងផែនការ៥ ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន» ( ហៅកាត់ថាផែនការ អភិវឌ្ឍន៍៥ ឆ្នាំទី១៥ ) ។ តើផែនការអភិវឌ្ឍន៍៥ ឆ្នាំ ទី១៥ នឹងផ្តោតសំខាន់លើអ្វី?
ជាបឋម យើងមកស្វែងយល់ ពីសមិទ្ធផលនៃ«ផែនការអភិវឌ្ឍន៍៥ ឆ្នាំ ទី១៤» ដែលនឹងបិទបញ្ចប់នៅចុងឆ្នាំ២០២៥ នេះជាអាទិ៍ ៖
គិតចាប់ពីឆ្នាំ១៩៥៥ មក ប្រទេសចិន បានដាក់ចេញផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិរបស់ខ្លួនរៀងរាល់ ៥ឆ្នាំម្តង ដែលត្រូវបានហៅថា «ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ» ។ ឆ្នាំ២០២១-២០២៥ ជាផែនការ អភិវឌ្ឍន៍ ៥ឆ្នាំ ទី១៤ ដែលប្រទេសចិន ទទួលបានលទ្ធផលជាផ្លែផ្កា ជាច្រើនក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច នវានុវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនជាដើម ។
ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ គេសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ចិន បានកើនឡើងជាលំដាប់ពី១១០ ទី្រលានយាន់ប្រាក់ចិន ដល់១៣០ ទ្រីលានយាន់ប្រាក់ចិន និងរហូតដល់១៣៤ ទ្រីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៤ ដែលបានកើនឡើង២៣.៩% បើប្រៀបធៀបនឹងឆ្នាំ២០២០ គិតជាមធ្យមមានកំណើន៥.៥% ជារៀងរាល់ឆ្នាំ ។
ការធ្វើឱ្យប្រសើរឡើង នូវរចនាសម្ព័ន្ធឧស្សាហកម្មជាគន្លឹះសម្រាប់ជំរុញ ការធ្វើទំនើបកម្មឧស្សាហកម្មបច្ចេកវិទ្យាថ្មីរបស់ចិន ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ តម្លៃបន្ថែមផ្នែក ឧស្សាហកម្មបច្ចេកវិទ្យាថ្មីរបស់ចិនមានទំហំលើសពី ១ ទ្រីលានយាន់ប្រាក់ចិនជាលើកដំបូង ក្នុងនោះ ការសម្រេចបានកិច្ចព្រមព្រៀង ផ្នែកបច្ចេកវិទ្យាបានកើនឡើងចំនួន៥ ដងបើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈទំហំវិនិយោគ សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍរបស់សហគ្រាសកើន លើសពី៨% ជារៀងរាល់ឆ្នាំ ។
៥ ឆ្នាំចុងក្រោយនេះ ប្រទេសចិន បានផ្តោតសំខាន់ លើការធ្វើឌីជីថលូបនីយកម្ម ដោយបានធ្វើឱ្យស៊ីជម្រៅនូវការបន្ស៊ីគ្នា រវាងបច្ចេកទេសឌីជីថល ជាមួយនឹងតួអង្គសេដ្ឋកិច្ច ។ ក្នុងឆ្នាំ២០២៤ ចំណូលខាងប្រព័ន្ធសូវែរ (software) របស់ចិនបានកើនឡើង៨០% បើប្រៀបធៀបនឹងឆ្នាំ២០២០ ។ រោងចក្រវៃឆ្លាតជាង ១ ម៉ឺនកន្លែង ត្រូវបានបង្កើតឡើង ដែលពាក់ព័ន្ធនឹងប្រភេទឧស្សាហកម្មកម្មន្តសាលធំៗជាង៨០% ធ្វើឱ្យការប្រើប្រាស់ផលិតផល វៃឆ្លាតសិប្បនិម្មិតក្លាយជាភាពពេញនិយមសម្រាប់ប្រជាពលរដ្ឋ ។ បង្គោលអង់តែនប្រព័ន្ធ5G ចំនួន៤.៥៥ លានត្រូវបានសាងសង់ឡើង កើនឡើង៥ ដងបើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលបានរួមចំណែកដ៏សំខាន់ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ ក្នុងនោះ ការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល បានជំរុញការបង្កើតមុខរបរប្រភេទថ្មី លើសពី១០០ ប្រភេទ ដែលផ្តល់ឱកាសការងារថ្មីៗសម្រាប់ប្រជាជន ។
ជានិច្ចកាល ថ្នាក់ដឹកនាំចិនតែង តែគូសបញ្ជាក់ថា «ការអភិវឌ្ឍគឺដើម្បីប្រជាជន» អាស្រ័យហេតុនេះ ការធានាចំពោះជីវភាពរស់នៅ របស់ប្រជាជនជារឿង អាទិភាពបំផុត ក្នុងការអភិវឌ្ឍ ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ថវិកាសាធារណៈលើសពី៧០% ត្រូវបានប្រើប្រាស់ក្នុង វិស័យពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជន ។ ប្រព័ន្ធរបបសន្តិសុខសង្គមធំបំផុត ត្រូវបានបង្កើតឡើង ប្រជាជនលើសពី៩៥% បានចូលរួមការធានារ៉ាប់រងទាយជ្ជទាននិងការធានារ៉ាប់រងសុខភាព ក្នុងនោះ ចំណូលអាចប្រើប្រាស់ បានរបស់ប្រជាពលរដ្ឋនៅទីក្រុង និងជនបទបានកើនឡើងជាមធ្យម៦% ក្នុងមួយឆ្នាំ ។
គួរបញ្ជាក់ថា ស្របនឹងការអនុវត្តគោលនយោយបាយបើកទូលាយដោយកម្រិតខ្ពស់ ការអភិវឌ្ឍរបស់ចិនមិនត្រឹមតែដើម្បីប្រជាជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចែករំលែកផលលាភនិងកាលានុវត្តនភាព នៃការអភិវឌ្ឍជាមួយពិភពលោកទាំងមូលផងដែរ ។ ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលពុំធ្លាប់មានក្នុងមួយរយឆ្នាំ ភាពធន់នៃទីផ្សារទ្រង់ទ្រាយយក្ស និងកម្លាំងទ្រទ្រង់ នៃប្រព័ន្ធឧស្សាហកម្មដ៏ពេញលេញរបស់ចិន បានដាក់បញ្ចូលភាពប្រាកដប្រជាកាន់តែច្រើនឡើងៗសម្រាប់ការអភិវឌ្ឍនៃពិភពលោក ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការរួមចំណែករបស់ចិន ចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានរក្សាក្នុងចន្លោះ៣០% ជាប់រហូត ។
ឆ្នាំ២០២៦ ជាការបើកទំព័រដំបូង នៃ«ផែនការអភិវឌ្ឍន៍ ៥ឆ្នាំ ទី១៥» របស់ប្រទេសចិន ដែលជាដំណាក់កាលគន្លឹះ សម្រាប់ឆ្ពោះទៅការសម្រេច ការកសាង សង្គមនិយម ទំនើបជាមូលដ្ឋាន នៅឆ្នាំ២០៣៥ ។ តើត្រូវដាក់ចេញគោលនយោបាយ បែបណា ដើម្បីឆ្លើយតបនឹង បម្រែបម្រួលដ៏ស្មុគស្មាញ ក្នុងបរិបទបច្ចុប្បន្ននិងនាពេលអនាគត ដើម្បីរក្សាស្ថិរភាពនៃកំណើន និងលើកកម្ពស់ថែមទៀត នូវកម្រិតជីវភាពរស់នៅរបស់ប្រជាជន? រដ្ឋាភិបាលចិននឹងផ្តល់ចម្លើយពិស្តារ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ។
ទាក់ទងនឹងការអភិវឌ្ឍជាតិ បើយើងមើលពីមុំនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម រដ្ឋាភិបាលចិននឹងផ្តោតសំខាន់ថែមទៀតអំពីកម្លាំងផលិតកម្មគុណភាពថ្មី នវានុវត្តន៍ ភាពបៃតងនិងកាបូនទាប និងការធ្វើបរិវត្តកម្មភាពវៃឆ្លាតជាដើម ដែលមានន័យថាផែនការអភិវឌ្ឍន៍របស់ចិននាពេលប្រាំឆ្នាំខាងមុខ គឺផ្តោតលើការការពារបរិស្ថាន និរន្តរភាពនិងឌីជីថល ។
ទាក់ទងនឹងទំនាក់ទំនងអន្តរជាតិ ប្រទេសចិននឹងបន្តជំរុញ គោលនយោបាយបើកទូលាយដោយកម្រិតខ្ពស់ ក្នុងនោះ «ការទូតប្រមុខរដ្ឋ» នឹងដើរតួនាទីគន្លឹះសម្រាប់ការរឹតបន្តឹងទំនាក់ទំនងអន្តរជាតិរបស់ចិន ។ ចិននឹងសម្រួលថែមទៀតនូវបរិយាកាសវិនិយោគនិងពាណិជ្ជកម្ម ដើម្បីស្រូបទាញទុនវិនិយោគបរទេសកាន់តែច្រើន និងចែករំលែកផលលាភនៃទីផ្សារជាតិបង្រួបបង្រួមរបស់ចិន ។ ដោយឡែក ការពង្រីកជាបន្តបន្ទាប់នូវគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ទេសចរបរទេសនឹងជំរុញថែមទៀតនូវការផ្លាស់ប្តូរប្រជាជននិងវប្បធម៌រវាងចិននិងបរទេស ។
តាំងពីដើមមក ប្រទេសចិនមិន ដែលផ្តោតតែលើការអភិវឌ្ឍរបស់ខ្លួននោះទេ ពោលគឺចិនប្រកាន់ខ្ជាប់ជានិច្ចនូវពហុភាគីនិយម សមាហរណកម្មតំបន់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ច ដូចការគូសរំលេចជាច្រើនលើករបស់ថ្នាក់ដឹកនាំចិនថា «ការអភិវឌ្ឍរបស់ចិនគឺជាការអភិវឌ្ឍរបស់ពិភពលោក ឱកាសអភិវឌ្ឍន៍របស់ចិនជាឱកាស អភិវឌ្ឍន៍របស់ពិភពលោក»។ ជាក់ស្តែង អ្វីដែលយើងមើលឃើញផ្ទាល់នឹងភ្នែកគឺ ចិនបានរួមចំណែកមិនអាចខ្វះ បានក្នុងការថែរក្សា សន្តិភាព ស្ថិរភាព និង វិបុលភាពរបស់តំបន់និងពិភពលោក ពិសេសឯករាជ្យភាពនិងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម របស់ប្រទេសសកល ខាងត្បូង ។ យើងអាចជឿជាក់បានថា «ផែនការអភិវឌ្ឍន៍៥ ឆ្នាំទី១៥» របស់ចិនប្រាកដ ជាមិនត្រឹមតែជាផែនការអភិវឌ្ឍន៍របស់ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពុទ្ធិដ៏មានតម្លៃ សម្រាប់រួមចំណែកដល់ការអភិវឌ្ឍ របស់ពិភពលោកនាពេលអនាគតផងដែរ ៕
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន
