លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារជូន ចំពោះលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក Tomiichi Murayama អតីតនាយករដ្ឋមន្ត្រីជប៉ុន

កាលពីថ្ងៃទី ១៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារជូនចំពោះលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោក Tomiichi Murayama អតីតនាយករដ្ឋមន្ត្រីជប៉ុន និងសម្តែងការសួរសុខទុក្ខ ចំពោះក្រុមគ្រួសាររបស់លោក Tomiichi Murayama ។
លោក Xi Jinping បានលើកឡើងថា លោក Tomiichi Murayama គឺជាអ្នកនយោបាយជប៉ុនប្រកបដោយសច្ចភាព និងជាមិត្តចាស់របស់ប្រជាជនចិន ដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងរយៈពេលយូរ ក្នុងបុព្វហេតុរឹតបន្តឹងចំណងមិត្តភាពចិន-ជប៉ុន ។ នៅឆ្នាំ ១៩៩៥ ក្នុងឋានៈជានាយករដ្ឋមន្ត្រីជប៉ុន លោក Tomiichi Murayama បានថ្លែងសុន្ទរកថា ជាផ្លូវការស្តីពីបញ្ហាប្រវត្តិសាស្ត្រ ដោយទទួលស្គាល់ និងគិតពិចារណាឡើងវិញ យ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រ នៃសង្គ្រាមឈ្លានពាន និងការធ្វើអាណានិគមរបស់ជប៉ុន និងសុំអភ័យទោស ចំពោះប្រទេសរងគ្រោះ ។ ស្មារតីនៃ “សុន្ទរកថាលោក Murayama” គួរតែត្រូវបានប្រកាន់ខ្ជាប់ជានិច្ច ។ សង្ឃឹមថា ជប៉ុនអាចដើរស្រប តាមទិសដៅតែមួយជាមួយចិន រៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ សម្លឹងទៅអនាគត គាំពារមូលដ្ឋានគ្រឹះផ្នែកនយោបាយនៃទំនាក់ទំនងទ្វេភាគី ដើម្បីពួតដែគ្នា ក្នុងការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍទំនាក់ទំនងយុទ្ធសាស្ត្រ និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន និងជប៉ុន ៕
