ព័ត៌មានជាតិ

សម្តេចតេជោ គាំទ្រឲ្យលក់ទំនិញថៃ​ ចាស់ៗឲ្យអស់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគាំទ្រឲ្យក្រុមអាជីវករខ្មែរ លក់ទំនិញថៃចាស់ៗឲ្យអស់ ប៉ុន្តែមិនត្រូវនាំចូលទំនិញថ្មីៗ មកថែមទៀតនោះទេ ។

តាមរយៈឆ្លើយតបខំមិន នៅក្នុងខ្លឹមសារ របស់សម្តេចតេជោលើកឡើងពីលោក Ko1 និងគ្នីគ្នានាំគ្នាដុតបំផ្លាញ ទំនិញថៃចោល កាលពីរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចគាំទ្រការលក់ទំនិញចាស់ឲ្យអស់ តែក៏មិនត្រូវនាំចូលទំនិញថ្មីៗមកបន្ថែមទៀតទេ។

សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា ធ្វើយ៉ាងណាសូមកុំឲ្យមានឈ្មោះថា ទំនិញចាស់លក់មិនចេះអស់ តែការពិតជាទំនិញនាំចូលថ្មីៗមក ដើម្បីបោកប្រាស់អតិថិជនរបស់ខ្លួន ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានអំពាវនាវឲ្យអ្នកទិញក៏គួរពិនិត្យ ថាតើជាទំនិញចាស់ឬទំនិញថ្មី? ព្រោះទំនិញមានកាលកំណត់របស់វាដែរ ។

សម្តេចតេជោ ក៏បានស្នើឲ្យម្ចាស់សហគ្រាសនានា នៅកម្ពុជា ត្រូវខិតខំផលិតទំនិញ ក្នុងស្រុកនិងពលរដ្ឋខ្មែរ ត្រូវជួយទិញផលិតផលក្នុងស្រុក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។

ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានស្នើឲ្យ Ko1 ត្រូវចូលរួមយុទ្ធនាការជំរុញការប្រើប្រាស់ទំនិញក្នុងស្រុកវិញល្អប្រសើរជាង ជាជាងការនាំគ្នាដុតបំផ្លាញទំនិញថៃចាស់ៗចោល៕

To Top