ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសរុស្សី សន្ទនាគ្នាតាមទូរស័ព្ទ ជាមួយ​នឹងរដ្ឋមន្ត្រី ការបរទេសអាមេរិក

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រមុខការទូតកំពូល របស់ប្រទេសរុស្ស៊ីលោក Sergey Lavrov បានសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នេះបើយោងតាមការបញ្ជាក់ ដោយក្រសួងការបរទេសនៅទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃចន្ទ។

ក្រសួងបាននិយាយថា អ្នកការទូតទាំងពីរបានពិភាក្សាគ្នា ក្នុងន័យស្ថាបនាអំពីវិធីអនុវត្តកិច្ចព្រមព្រៀង ដែលបានឈានដល់ពីមុនរវាងប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump។

ក្រោយមក ក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ពីការហៅទូរស័ព្ទនេះដែរ ដោយបញ្ជាក់ថា លោកRubio បានសង្កត់ធ្ងន់លើ៖សារៈសំខាន់ នៃការចូលរួមនាពេលខាងមុខ ដែលជាឱកាស សម្រាប់ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីសហការលើការជំរុញ ឱ្យមានកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង រវាងទីក្រុងមូស្គូ និងទីក្រុងគៀវប្រទេសអ៊ុយក្រែន។

គួរឲ្យដឹងដែរថាការសន្ទនានេះ កើតឡើងបន្ទាប់ពីលោក Putin និងលោក Trump បាននិយាយគ្នាជាលើកដំបូង​ នៅក្នុងរយៈពេលជិតពីរខែកាលពីសប្តាហ៍មុន ដោយពិភាក្សាអំពីផ្លូវ ដែលមានសក្តានុពល ក្នុងការដោះស្រាយជម្លោះអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top