អ្នកនាំពាក្យ ក្រសួងការងារ ស្នើឱ្យម្ចាស់ហ្វេសប៊ុកផេក “ព័ត៌មានពិត” លុបចោល និងកុំយកសកម្មភាព កម្មករប្រឌិតញុះញង់ជាចេតនានយោបាយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើទៅដល់ម្ចាស់បណ្តាញ សង្គមហ្វេសប៊ុកផេក ដែលមានឈ្មោះថា ព័ត៌មានពិត កុំយកសកម្មភាពកម្មករ ទៅប្រឌិតញុះញង់បំភ្លៃការពិតក្នុងចេតនានយោបាយទុច្ចរិត បង្កភាពវឹកវរបំផ្លាញសន្តិសុខជាតិ និងសូមលុបចោលរូបភាពវីដេអូកាត់តខុសការពិត ទាំងនោះចេញជាបន្ទាន់។

លោកថ្លែងថា៖«ខ្ញុំស្នើដល់ម្ចាស់ហ្វេសប៊ុក ព័ត៌មានពិត សូមចូលរួមគិតប្រយោជន៍ជាតិជាធំ កុំយកសកម្មភាពកម្មករទៅ កាត់តជាវីដេអូប្រឌិតញុះញង់ ជាចេតនានយោបាយ សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាព ដែលមានចេតនាទុច្ចរិតចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ»។

បើតាមលោក ស៊ុន មេសា ម្ចាស់ហ្វេសប៊ុកផេក ព័ត៌មានពិត កំពុងយករូបភាពសកម្មភាពកម្មករ ទៅកាត់តច្នៃប្រឌិតក្នុងចេតនាញុះញង់ប្រជាពលរដ្ឋ តាមរយៈបណ្តាញសង្គមឱ្យងើបឡើងបះបោរ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងកៀរគរប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពផ្សេងៗផ្ទុយនឹងច្បាប់។ លោកបន្តថា នេះជារឿងអគុណធម៌បំផុត ដែលម្ចាស់ហ្វេសប៊ុកផេកមួយនេះខំប្រឹងមួលបង្កាច់ លាបពណ៌ ទម្លាក់កំហុសគ្រប់បែបយ៉ាងមកលើរាជរដ្ឋាភិបាល៕
