ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ព្រមព្រៀងគ្នា បញ្ឈប់ការនាំចូលឧស្ម័ន ពីរុស្ស៊ី នៅខែមករា ឆ្នាំ២០២៨

ប្រ៊ុចសែល៖ បណ្តាប្រទេសនៃសហភាពអឺរ៉ុប បានយល់ព្រមលើគោលជំហរ របស់ពួកគេលើច្បាប់ ដើម្បីបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិរបស់រុស្ស៊ីជាបណ្តើរៗ ដែលជាការកត់សម្គាល់ជំហាន សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្លុកនេះ ដើម្បីបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់ទីក្រុងម៉ូស្គូ ក្រោមយុទ្ធសាស្រ្ត REPowerEU របស់ខ្លួន។

យោងតាមក្រុមប្រឹក្សាសហភាពអឺរ៉ុប សំណើនេះនឹងហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ីចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ ខណៈពេលដែលអនុញ្ញាតឱ្យមានរយៈពេលផ្លាស់ប្តូរមានកំណត់សម្រាប់កិច្ចសន្យាដែលមានស្រាប់។ កិច្ចសន្យារយៈពេលខ្លីអាច បន្តរហូតដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ហើយកិច្ចសន្យារយៈពេល វែងអាចដំណើរការរហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៨។

សំណើនេះក៏តម្រូវឱ្យក្រុមហ៊ុន ថាមពលបង្ហាញប្រភពដើម និងរយៈពេលនៃកិច្ចសន្យានាំចូលឧស្ម័នទាំងអស់ ដើម្បីបង្កើនតម្លាភាព និងការត្រួតពិនិត្យ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានរិះគន់ផែនការនេះ ដោយបានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ជាមួយនឹងគម្រោង RePowerEU ការផ្គត់ផ្គង់ថាមពលប្រកបដោយសុវត្ថិភាព របស់យើងកំពុងត្រូវបានសម្លាប់” ។

លោកបានប្រកែកថា គោលនយោបាយនេះ “បំផ្លាញសន្តិសុខថាមពល នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប” ហើយថា “ថាមពលមិនគួរនិយាយអំពី នយោបាយនោះទេ” ។ គំនិតផ្តួចផ្តើមនេះ នៅតែត្រូវចរចា ជាមួយសភាអឺរ៉ុបមុន ពេលក្លាយជាច្បាប់។ នៅពេលដែលត្រូវបានអនុម័ត បទប្បញ្ញត្តិនេះនឹងក្លាយជាផ្នែកមួយនៃផែនការ REPowerEU កាន់តែទូលំទូលាយ ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២២ ដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ងាយ ពីឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top