ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សន្យាដោះស្រាយតម្រូវការចាំបាច់ជាច្រើន ជូនពលរដ្ឋនៅខណ្ឌទួលគោក

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ សន្យាដោះស្រាយតម្រូវការ ចាំបាច់ជាច្រើន ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទួលគោក ដើម្បីជួយសម្រួលការលំបាក​ក្នុងជីវភាពប្រចាំថ្ងៃនៅមូលដ្ឋាន ។

ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌទួលគោក នាពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ លោក ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកទឹកដល់ប្រជាពលរដ្ឋ លើកឡើងជាសំណូមពរ សំណួរសំណើរដល់អាជ្ញាធរ ដើម្បីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយជូន។

ក្នុងនោះប្រធានក្រុមប្រឹក្សា បានឱ្យអាជ្ញាធរនឹងពន្លឿនការដោះស្រាយបញ្ហាទំាងអស់ នៅពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពរ ដែលជាការលើកឡើង របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ។

ជាមួយគ្នានេះ លោក ម៉ប់ សារិន បានបញ្ជាក់ថា ចំពោះបញ្ហាណាដែលធំៗ ពាក់ព័ន្ធជាមួយនឹងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយ ជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដែលឈានទៅកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះ លោក ឯក ឃុនដឿន អភិបាលរងរាជធានី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្ហាញផែនការពន្លឿនការដោះស្រាយ តម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ ។

ក្នុងនោះដែល លោកអភិបាលរង បានចាត់ទុកថា ការដោះស្រាយរាល់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅពេលនេះ គឺជាយន្តការដ៏ល្អរបស់អាជ្ញាធរ ដែលបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលកើតមានឡើងនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ មានបញ្ហាធំៗចំនួន៣ គឺបញ្ហាស្ទះចរាចរណ៍ លូ និងបញ្ហាសំរាម ដែលបញ្ហាទំាងនេះអាជ្ញាធរ ជំរុញការពន្លឿនដោះស្រាយជាអាទិភាពមុនគេ ដើម្បីធានាឱ្យទីក្រុងមានសណ្តាប់ធ្នាប់ និងសោភណភាព បម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ដោយឡែកប្រជាពលរដ្ឋ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន២រូប បានសំណូមពរដល់អង្គវេទិកា ឱ្យជួយដោះស្រាយបញ្ហាគម្របលូបាក់ និងសុំបើកនៅសង្កាត់បឹងសាឡាងផងដែរ៕
ដោយ៖​ ដារាត់| ដើមអម្ពិល

To Top