ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ អញ្ជើញបើកកិច្ចប្រជុំ ឧត្តមមន្ត្រីការងារ អាស៊ានលើកទី២១

សៀមរាប៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីការងារ អាស៊ានលើកទី២១ (21st SLOM) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ។ នេះជាលើកទីពីរហើយ ដែលកម្ពុជាមានកិត្តិយស បានទទួលរៀបចំកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ានម្តងទៀត ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ឡើងវិញ នូវគោលបំណងរួមគ្នា ក្នុងការពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងបានត្រៀមខ្លួន រួចរាល់សម្រាប់ពេលអនាគត ។

លោករដ្ឋមន្រ្តីបានអបអរសាទរ លោកស្រី Joan Moh អនុរដ្ឋលេខាធិការនៃក្រសួងហត្ថពលកម្ម នៃប្រទេសសិង្ហបុរី និងជាតំណាងប្រធានប្តូរវេន ឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦ ចំពោះការធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ (28th ALMM) និងកិច្ចប្រជុំឧត្តមមន្រ្តីការងារអាស៊ាន លើកទី២០ និងលើកទី២១ (20th & 21st SLOM) ដែលនឹងពិនិត្យមើលវឌ្ឍនភាព ដោយផ្តោតលើទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័តភាពកម្លាំងពលកម្ម សុវត្ថិភាព និងសុខភាពការងារជាដើម ។

លោក​ក៏បានវាយតម្លៃខ្ពស់ ចំពោះ ឧត្តមមន្រ្តីការងារអាស៊ាន ដែលសម្រេចបាន នូវវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងការសម្រេច បាននូវរបៀបវារៈពាក់ព័ន្ធ នឹងការអភិវឌ្ឍកម្លាំងពលកម្ម និងវិស័យការងារ តាមរយៈការទប់ស្កាត់ ការអប់រំ ការគាំពារសង្គម ដែលស្របជាមួយនឹងប្រធានបទ “ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍” ដែលមានសិង្ហបុរីជាប្រធាន និងប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលមានម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំនេះ។

ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងលំអានថ្មី នៃចល័តភាពទេសន្តរប្រវេសន៍ ដែលផ្ដល់នូវឱកាសជាច្រើន សម្រាប់ការរីកចម្រើន និងនវានុវត្តន៍ ។ ក្នុងបរិបទនេះ គំនិតផ្ដួចផ្ដើមដែលមាននា ពេលបច្ចុប្បន្ន សម្រាប់ឆ្លើយតបទៅនឹងឱកាសការងារ ប្រព័ន្ធទីផ្សារការងារ ការពង្រីករបបសន្តិសុខសង្គម ការបិទគម្លាតជំនាញ ពិតជាមានភាពចាំបាច់ណាស់ ៕

To Top