ព័ត៌មានអន្តរជាតិ

ជំនួបកំពូលរវាង មេដឹកនាំអាមេរិក និងរុស្សីក្នុងប្រទេសហុងគ្រី នឹងត្រូវពន្យាពេល

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តី មន្ត្រីអនាមិកថា ការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ដែលរំពឹងថានឹងរៀបចំនៅទីក្រុង Budapest ប្រទេសហុងគ្រី ត្រូវបានផ្អាក។

សារព័ត៌មាន Reuters បានរាយការណ៍ថា មិនមានគម្រោង សម្រាប់ប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីរុស្ស៊ីរបស់លោក Vladimir Putin ដើម្បីជួប ក្នុងពេលឆាប់ៗខាងមុខនេះទេ ។ នេះបើយោងតាមការដកស្រង់ សម្តីបុគ្គលិកជាន់ខ្ពស់របស់សេតវិមាន។

ដូចគ្នានេះដែរ អ្នកឆ្លើយឆ្លងព័ត៌មាន សេតវិមានលោក Garrett Haake បានរាយការណ៍ថា ផែនការសម្រាប់កិច្ច ប្រជុំកំពូលនៅទីក្រុង Budapest ឥឡូវនេះត្រូវបានផ្អាក ហើយក៏បានលើកឡើង ពីមន្ត្រីជាន់ខ្ពស់ ដែលមិនបញ្ចេញឈ្មោះ ដែលបានពន្យល់ផងដែរ អំពីមូលហេតុដែលកិច្ចប្រជុំ ដែលបានគ្រោងទុករវាង រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ត្រូវបានលុបចោល។

យ៉ាងណាក្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា ការត្រៀមរៀបចំសម្រាប់ ព្រឹត្តិការណ៍ដ៏សំខាន់ នៅតែកំពុងដំណើរការនៅឡើយ។

គួរឲ្យដឹងដែរថាកន្លងមកវិមានក្រឹមឡាំង និងសេតវិមាន បានបញ្ជាក់ថា កិច្ចចរចានឹងប្រព្រឹត្តទៅ នៅរដ្ឋធានីហុងគ្រី បន្ទាប់ពីលោក Putin និងលោក Trump ក្រោយការសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។ ទោះ​ជា​យ៉ាង​ណា​ភាគី​ទាំង​ពីរ​មិន​បាន​ផ្តល់​ ពេល​វេលា​ជា​ផ្លូវ​ការ​ សម្រាប់​កិច្ច​ប្រជុំ​នោះ​ទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top