ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋ កុំចូលរួមបំរើសេវាកម្ម បើករថយន្តបំពាក់ឧបករណ៍ ផ្ញើសារបោកប្រាស់

ព្រះសីហនុ ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលរឺបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់្រគងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ ហេតុនេះ សូមកុំចុច ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឲ្យសោះ។

ជាក់ស្តែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៤៥នាទី ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអនុវត្តការងាររដ្ឋបាលចំហ ដឹកនាំដោយគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅចំណុចផ្លូវ៣០០ ក្បែរកាស៊ីណូ ប៉ឡាយ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ពេលត្រួតពិនិត្យ រថយន្ត Prius ពណ៌ស ស្លាកលេខ 2A-7170 ដែលបើកបរដោយឈ្មោះ ពៅ លីហាវ (ជនជាតិខ្មែរ, ភេទប្រុស, កើតថ្ងៃទី ៣០ ខែមករា ឆ្នាំ២០០១) ត្រូវបានរកឃើញមានឧបករណ៍ប្រើសម្រាប់ផ្ញើសារ SMS និងឧបករណ៍ផ្សេងៗទៀតដែលអាចប្រើសម្រាប់បង្កើត និងផ្ញើគេហទំព័បោកប្រាស់ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

To Top