ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិ កម្ពុជា-ថៃ-ម៉ាឡេស៊ី ឯកភាពរក្សា សន្ទុះស្វែងរកសន្តិភាព ឡើងវិញនៅព្រំដែន

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិកម្ពុជា-ថៃ និងម៉ាឡេស៊ីបានឯកភាពគ្នា ក្នុងការរក្សាសន្ទុះ នៃការស្វែងរកសន្តិភាពឡើងវិញ នៅព្រំដែនកម្ពុជា-ថៃ ។

ការលើកឡើង របស់អ្នកនាំពាក្យនេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ គឺនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាងលោក Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងលោកនាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ។

លោកស្រីថា ជាលទ្ធផល ភាគីទាំងបីបានឯកភាពគ្នា ក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញ រវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នា ក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកថ្ងៃ២៣ តុលានេះ ។
ក្នុងនោះភាគីកម្ពុជា ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាង មានប្រសិទ្ធភាព របស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួល ដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក ៕

To Top