កម្ពុជា-ថៃ មិនទាន់ឯកភាព លើតំបន់អាទិភាព នៃការងារដោះមីនមនុស្សធម៌

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កម្ពុជា-ថៃបានឯកភាពព្រមព្រៀងគ្នា លើការងារដោះមីនមនុស្សធម៌ ប៉ុន្តែចំពោះតំបន់អាទិភាពវិញមិនទាន់ឯកភាពគ្នានៅឡើយទេ។
នាយឧត្តមសេនីយ៍ ទៀ សីហាបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ថា កម្ពុជា-ថៃបានឯកភាពគ្នាទៅលើនីតិវិធីប្រតិបត្តិSOP ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូលរួមចំណែកដោយផ្ទាល់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការការពារអាយុជីវិតប្រជាជនព្រមទាំងធានា បាននូវការរក្សាអធិបតេយ្យភាពនិងបូរណភាពទឹកដី ។
ឧបនាយករដ្ឋមន្រ្តីបន្តថា ដោយឡែកចំពោះតំបន់អាទិភាពនៃ ការងារដោះមីនមនុស្សធម៌នេះភាកីទាំងពីរ ពុំទាន់មានការឯកភាពគ្នានៅឡើយទេ ។ ដូចនេះភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នា ដើម្បីកំណត់តំបន់អាទិភាពនេះ។
រដ្ឋមន្រ្តីការពារជាតិក៏បានបញ្ជាក់ពី ការបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងប្រទេសជាមិត្តទាំងអស់។
សូមបញ្ជាក់ថា បន្ទាប់ពីប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះរួចហើយ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាថានឹងរៀបចំកិច្ចប្រជុំពិសេសបន្ទាប់ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងរយៈពេល ៩០ ថ្ងៃ ឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះ ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
